(ភ្នំពេញ)៖ បដិវត្តន៍ពណ៌ខ្មៅ គឺជារូបភាពរដ្ឋប្រហារថ្មី ដើម្បីផ្លាស់ប្តូររបបដែលបង្កើតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៣។ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ណាមួយដែលគេយល់ឃើញថា មិនចំណុះ ឬមិនផ្តល់ផលប្រយោជន៍ចំពោះនយោបាយអាមេរិក យុទ្ធសាស្ត្រនេះ គេប្រើប្រាស់កម្លាំងសង្គមស៊ីវិលដែលទទួលមូលនិធិរបស់គេដើម្បីធ្វើសកម្មភាព។
ក្នុងមួយឆ្នាំៗប្រទេសមហាអំណាច បានចាយថវិការរាប់រយលានដុល្លារ ទៅអង្គការក្រៅរដ្ឋាភិបាល (NGO) ដែលជាសេនាធិការរបស់ខ្លួន ដើម្បីបំផ្លាញភាពស្របច្បាប់របស់រដ្ឋាភិបាលប្រទេសនីមួយៗ ទៅតាមទិដ្ឋភាពនៃភូមិសាស្ដ្រនយោបាយ។ ដូច្នេះសេចក្ដីអំពាវនាវដែលសង្គមស៊ីវិលខ្មែរចាយប្រាក់ដុល្លារអាមេរិក កំពុងតែបង្ហោះពេញក្នុងបណ្តាញផ្សព្វផ្សាយសង្គមនាពេលនេះ គឺជាការស្ដែងឲ្យឃើញនូវចេតនាបង្កើតឲ្យមានបដិវត្តន៍ពណ៌ថ្មីមួយទៀតក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យមួយនេះ ដើរត្រឡប់ថយក្រោយ និងឈានទៅរកសង្គ្រាមស៊ីវិលដូចបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងប្រទេសខ្លះក្នុងតំបន់អឺរ៉ុប ដូច្នោះដែរ។
បដិវត្តន៍ពណ៌នៅមជ្ឈឹមបូព៌ាដែលហៅថា អារ៉ាប់ស្ព្រីង (Arab Spring) ចាប់ផ្តើមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ នៅប្រទេសទុយនេស៊ី (Tunisia Revolution) បានរីករាលដាលទៅក្នុងសម្ព័ន្ធអារ៉ាប់ ក្នុងតំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលភាគច្រើនកើតឡើងដោយក្រុមសិស្ស និស្សិត យុវជន ប្រើប្រាស់បណ្តាញព័ត៌មានសង្គម (Social Media) ធ្វើជាឧបករណ៍ប្រមូលផ្តុំគ្នាដើម្បីធ្វើបដិវត្តន៍។ បដិវត្តន៍ពណ៌នេះ ក៏ជះឥទ្ធិពលមកដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ដូចជា ចលនានិស្សិតផ្កាឈូករ័ត្ន (Sunflower Student Movement) ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ដោយក្រុមនិស្សិតចូលទៅគ្រប់គ្រងសភាតៃវ៉ាន់ និងចលនាឆ័ត្រ ឬបដិវត្តន៍ឆ័ត្រ (Umbrella Movement/Revolution) នៅហុងកុងនៅខែកញ្ញា ឆ្នាំ២០១៤ ប្រើប្រាស់គោលការណ៍ មិនសហការរបស់មហាជនស៊ីវិល ជាមួយរដ្ឋាភិបាលហុងកុង។
លទ្ធផលប្រទេសដែលបានធ្វើបដិវត្តន៍ពណ៌ ដូចជា ប្រទេសលីប៊ី ទុយនេស៊ី ស៊ីរី អ៊ីរ៉ាក់ ជាដើម បាននិងកំពុងរងការខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល បំផ្លាញអស់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ស្លាប់មនុស្ស បង្ករការភ័យខ្លាច និងមានការធ្វើចំណាកស្រុ ជាជនភៀសសឹក និងជនភៀសខ្លួនរាប់លាននាក់។ នៅកម្ពុជាពណ៌ខ្មៅនេះ គឺជាពណ៌របស់ «បដិវត្តន៍ ប៉ុលពត» ហើយនៅបរទេស ពណ៌ខ្មៅ គឺជាពណ៌របស់ «បដិវត្តន៍ ISIS» ដែលកាត់ក្បាល សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត...។
ពិតជាគួរឲ្យសោកស្តាយដែល ខ្មែរមួយក្រុមតូច ខ្វះការពិចារណាទាំងលើប្រវត្តិសាស្ត្រ និងរបៀបដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ក្នុងបរិបទអ្វីដែល ហៅថាប្រជាធិបតេយ្យ ។ «បដិវត្តន៍ពណ៌ខ្មៅ» វាមិនមែនជាសេរីភាពទេ ! ក្នុងរឿងក្តីដែលបានប្រព្រឹត្តជាខ្សែសង្វាក់អ្នកពាក់ព័ន្ធពិតជា មានសិទ្ធិឈឺឆ្អាល តែមិនអាចទៅបញ្ជាស្ថាប័នមួយតាមអំពើចិត្តថា ឲ្យដោះលែងដោយគ្មានលក្ខខ័ណ្ឌនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងដោយការបោះឆ្នោត ទោះក្នុងតម្លៃណាក៏ដោយ គប្បីគិតពិចារណា ហើយត្រូវតែហ៊ានចាត់វិធានការណ៍ឲ្យបានម៉ឹងម៉ាត់បំផុតចំពោះបុគ្គល រឺក្រុមណាដែលប៉ុនប៉ងបង្កើត និងជំរុញឲ្យមានបដិវត្តន៍ពណ៌ខ្មៅនៅលើទឹកដីកម្ពុជា ដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងភាពភ័យខ្លាច នៃការវិលទៅរកគ្រោះមហន្តរាយកាលពីអតីតកាល ជាពិសេសមិនត្រូវអោយអង្គការសមាគមក្រៅរដ្ឋាភិបាលមួយក្តាប់តូច ដែលជាឧបករណ៍របស់ប្រទេសធ្លាប់បង្កសង្គ្រាមនៅកម្ពុជាកាលពីទសវត្សរ៍ទី៧០ ធ្វើបដិវត្តន៍ពណ៌ខ្មៅនៅកម្ពុជាបាននោះឡើយ។
តារាងរចនាសម្ព័ន្ធ នៃការចាត់តាំង «បដិវត្តន៍ខ្មៅ» ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយសកម្មភាពសង្គមស៊ីវិល៖