Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះ Airbus A330 របស់ហុងកុង រងភាពចលាចលពេលកំពុងហោះហើរ បណ្តាលឲ្យអ្នកដំណើររងរបួសធ្ងន់ជាច្រើននាក់

07-05-2016 14:45

(ឥណ្ឌូណេស៊ី)៖ អ្នកដំណើរ ១៧នាក់ដែលសុទ្ធសឹងតែជាជនជាតិចិនហុងកុង បានទទួលរងរបួស ធ្ងន់និងស្រាលបន្ទាប់ពី យន្តហោះដែលពួកគេជិះ បានជួបភាពចលាចល (បាត់បង់ម្ចាស់ការក្នុង អំឡុងពេលហោះហើរ) ពេលកំពុងធ្វើដំណើរចាកចេញពីកោះបាលី របស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៦។

ភាពចលាចលខាងលើនេះបង្កឡើង ដោយអាកាសធាតុអាក្រក់ក្នុងតំបន់ ដែលបានតម្រូវឲ្យ អាកាសចរណ៍ហុងកុង ខាងលើនេះដែលមានជើងហោះហើរ CRK 6704 ដឹកមនុស្ស ២០៤នាក់ និង អ្នកបម្រើការនៅលើនោះ ១២នាក់ ធ្វើដំណើរត្រឡប់មកចុះចតនៅអាកាសយានដ្ឋាន Denpasar វិញដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថាក្នុងចំណោមអ្នករងរបួសទាំងអស់ ត្រូវបានគេរាយការណ៍ថាមាន ១២នាក់រងរបួស ធ្ងន់ត្រូវតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និង ម្នាក់ទៀតគឺមានសភាពធ្ងន់ធ្ងរជាងគេ។ ដោយឡែកអ្នករងរបួសដទៃៗទៀត គ្រាន់តែជាការជាំដៃជើងបន្តិចបន្តួចតែប៉ុណ្ណោះ។ សម្រាប់ យន្តហោះ Airbus A330-200 ខាងលើនេះ មិនបានរងការខូចខាតអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែក្រុមអ្នក ត្រួតពិនិត្យកំពុងធ្វើការពិនិត្យវានៅឡើយ ព្រោះជាលើកទីពីរហើយក្នុងសប្តាហ៍នេះ ដែលកើតបញ្ហា ជ្រួលច្របល់បែបនេះ៕