(កំពង់ធំ)៖ គ្រោះធម្មជាតិដែលបានវាយប្រហារ នៅលើទឹកដីខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ បានបំផ្លាញផ្ទះ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២៧៨ខ្នង និងបណ្តាលឲ្យរបួសមនុស្សចំនួន១៤នាក់។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តកំពង់ធំ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះថា បាតុភូតគ្រោះធម្មជាតិ ដ៏កាចសាហាវនេះ បានកើតឡើងនៅស្រុកចំនួន៣រួមមាន ស្រុកបារាយណ៍ ស្រុកស្ទោង និងស្រុកប្រាសាទសំបូរ ធ្វើឱ្យប៉ះពាល់ចំនួន២៧ភូមិ ក្នុង៩ឃុំ ក្នុងនោះស្រុកបារាយណ៍១២ភូមិ និងស្រុកស្ទោង១៥ភូមិ។
ករណីខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ២៨៧ខ្នង ក្នុងនោះរបួសមនុស្ស១៤នាក់ ស្រី៤នាក់ ដួលរលំផ្ទះទាំងស្រុង៥៩ខ្នង ផ្ទះរបើកដំបូល២១៩ខ្នង ក្នុងនោះរបើកដំបូលមានសាលារៀន៥ខ្នង កុដិលោក១ខ្នង និងរបើកជញ្ជាំងផ្ទះ១ខ្នង។ របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់ស្រុកបារាយណ៍ មានជនរងគ្រោះ១២នាក់ ដោយសារគ្រោះធម្មជាតិមួយនេះ ក្នុងនោះសិស្សវិទ្យាល័យទ្រៀលចំនួន៤នាក់។
នៅស្រុកបារាយណ៍ ក្រោយកើតហេតុ លោក ហាក់ ម៉ុងហួត អភិបាលស្រុក បានចាត់វិធានការសង្គ្រោះបន្ទាន់ ដោយយកជនរងគ្រោះទាំងនោះទៅព្យាបាលនៅមណ្ឌលសុខភាព នៅតាមគ្លីនីកឯកជន ដែលនៅជិត។ គិតត្រឹមថ្ងៃនេះ ជនរងគ្រោះខ្លះបានវិលត្រឡប់ទៅផ្ទះវិញហើយ គឺមាន២នាក់ ហើយ២នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ លោកអភិបាលស្រុក បានទៅសាកសួរសុខទុក្ខយុវសិស្ស មួត ចន្ធូ អាយុ១៦ឆ្នាំ រស់នៅភូមិប្រិច ឃុំទ្រៀល ហើយបានជូនប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀល និងចេញថ្លៃសេវាព្យាបាលជូនផងដែរ។
ដោយឡែក ស្រុកប្រាសាទសំបូរវិញ មានជនរងគ្រោះ៤នាក់ ទី១-ឈ្មោះ ហាក់ សុវិជ្ជា អាយុ ៣៤ឆ្នាំ នៅភូមិដំរីស្លាប់ ដោយលោកបានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល តែបានវិលមកផ្ទះវិញហើយ ទី២-ឈ្មោះ ភាពឡុត អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ដោយសារដើមឈើបាក់លើកំពុងជិះម៉ូតូ ទី៣-ឈ្មោះ ខៀន រ៉ន អាយុ៣៦ឆ្នាំ និងទី៤-ឈ្មោះ តុំ រក្សា អាយុ៣៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិប្រាសាទ ឃុំឈូក ដោយសាររន្ទះបាញ់ និងបាញ់ងាប់ក្របីមួយក្បាលផងដែរ។ អ្នកទាំងបីត្រូវបានសមត្ថកិច្ច ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងក្នុងស្រុកស្ទោង៕