(កណ្ដាល)៖ បុរសវ័យចំណាស់ល្មោមតណ្ហាម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ក្រមួចបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នៅក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឌឿ សំអន ហៅ ឌៀប អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានបន្ដថា នៅពេលកើតហេតុជនរងគ្រោះ ឈ្មោះ យ.ស.ដ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស កំពុងលេងបិតពួនជាមួយក្មេងៗដទៃ ពេលនោះជនល្មើសបានចាប់ទាញជនរងគ្រោះ មកខាងក្រោយផ្ទះរបស់ខ្លួនកន្លែងទ្រុងមាន់ បានចាប់ស្រាតខោជនរងគ្រោះរំលោភ រហូតបានសំរេច លុះក្រោយមកជនល្មើស រំលោភបាន២ដងទៀត នៅក្រោមផ្ទះឈ្មោះ ម៉ិច យ៉ាន។
លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ម្តាយជនរងគ្រោះ ឃើញកូនមានសភាព មិនសូវស្តីនិយាយចេះភាំងៗ បានសួរដេញដោលកូន រហូតកូននិយាយប្រាប់ពីដំណើររឿងទាំងអស់នេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ ម្តាយជនរងគ្រោះឈ្មោះ ម៉ី ស្រីរត្ន័ អាយុ៣២ឆ្នាំ មុខរបរកសិករ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាកូវ ក្រោយពីកម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងក៏ធ្វើការចុះស្រាវជ្រាវ ហៅជនសង្ស័យមកសួរនាំ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភជនរងគ្រោះពិតប្រាកដមែន។
ក្រោយពីធ្វើការសួរចម្លើយរួចមក ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕