(ភ្នំពេញ)៖ ក្រុមហ៊ុន Microsoft បានសម្ពោធប្រព័ន្ធ SQL Server 2016 ជាផ្លូវការនៅកម្ពុជា ដែលនេះជាជំហានដំបូងមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យគ្រប់គ្រងទិន្នន័យនៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងរីកដុះដាលទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិករួចមកហើយ ។
ប្រព័ន្ធ SQL Server 2016 គឺជាការបោះជំហានឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រង និងវិភាគទិន្នន័យ ដោយមានប្រតិបត្តិការកាន់តែលឿន និងអាចធ្វើការវិភាគកម្រិតខ្ពស់ ក៏ដូចជាមានមុខងារពាក់ព័ន្ធនឹង Cloud Server ផងដែរ ។
ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារប្រចាំអាស៊ីអាគ្នេយ៍សម្រាប់ទីផ្សារថ្មី បានឲ្យដឹងថា «យើងបានចូលមកដល់យុគសម័យមួយ ដែលទិន្នន័យបានក្លាយទៅជាកត្តាជំរុញសំខាន់នៅក្នុងអាជីវកម្ម។ សមត្ថភាពក្នុងការវិភាគទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការព្យាករណ៍លទ្ធផលនាពេលអនាគត អាចស្វែងរកបាននៅទីនេះ»។
លោកស្រីបន្ថែមថា ក្រុមហ៊ុន Microsoft មានគោលដៅជួយលើកកម្ពស់ស្ថាប័នរបស់លោកអ្នកឲ្យជំនះបាននូវបញ្ហានេះ និងបញ្ហាផ្សេងទៀតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។ ប្រព័ន្ធ SQL Server 2016 គឺជាប្រព័ន្ធឈានមុខគេ និងមានសុវត្ថិភាពដែលអាចជួយឲ្យក្រុមហ៊ុន និងស្ថាប័ននៅកម្ពុជាវិភាគ និងប្រើប្រាស់ទិន្នន័យរបស់ខ្លួន ដើម្បីទទួលបាននូវលទ្ធផលល្អបំផុត។
ប្រព័ន្ធ SQL Server 2016 គឺជាមូលដ្ឋានទិន្នន័យដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យា Cloud ។ វាមានសមត្ថភាពខ្ពស់ មានភាពបត់បែនខ្ពស់និងអាចវិភាគប្រតិបត្តិការអនឡាញសំខាន់ៗ (OLTP) និងសមត្ថភាពរក្សាទុកទិន្នន័យ។ សមត្ថភាពអស្ចារ្យជាច្រើន ដូចជាមុខងារតែងតែការពារ (Always Encrypted) និងសុវត្ថិភាពគ្រប់កម្រិត (Role Level Security) ត្រូវបានគេធ្វើតេស្តនៅលើប្រព័ន្ធ Azure ដោយអតិថិជនរាប់រយពាន់នាក់ ដែលបានធ្វើការគណនា (queries) រាប់ពាន់លានដង ។ប្រព័ន្ធថ្មីបំផុតនេះ ពីក្រុមហ៊ុន Microsoft ក៏មានផងដែរនូវមុខងារទូលំទូលាយ ក្នុងការជួយឲ្យស្ថាប័នវិភាគនិងប្រើប្រាស់ទិន្នន័យស្មុគស្មាញ ដើម្បីបំលែងទៅជាសកម្មភាពដែលអាចចាត់វិធានការបាន ។
លោក VivekRavindran នាយកផ្នែកវិភាគទិន្នន័យរបស់ក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា អតិថិជនទទួលបានការលើកកម្ពស់ផ្នែកប្រតិបត្តិការ សន្ដិសុខ ដំណើរការសមត្ថភាពវិភាគកម្រិតខ្ពស់និងចល័តភាព ដូច្នេះ គឺមានហេតុផលច្រើនណាស់ ដែលគួរលើកសរសើរអំពីប្រព័ន្ធ SQL Server 2016។
ពិសេស ជាផ្នែកនៃការអាប់ឌែតប្រព័ន្ធ SQL Server ក្នុងឆ្នាំនេះក្រុមហ៊ុន Microsoft នឹងផ្តល់ជូនដោយឥតគិតថ្លៃ នូវអាជ្ញាប័ណ្ណកម្មវិធី សម្រាប់រាល់ម៉ាស៊ីនមេដែលប្តូរទៅប្រើប្រព័ន្ធ SQL Server ។ ក្នុងនាមជាដំណោះស្រាយឈានមុខគេមួយ សម្រាប់បញ្ហាសន្តិសុខកុំព្យូទ័រប្រសិទ្ធភាពប្រតិបត្តិការ និងតម្លៃសមរម្យប្រព័ន្ធ SQL Server គឺជាដំណោះស្រាយផ្នែកទិន្នន័យដែលមានគ្រប់បែបយ៉ាងដែលអ្នកត្រូវការ៕