(ឧត្តរមានជយ័)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកទៅចូលរួមរំលែកទុក្ខ និងប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ៣គ្រួសារ ដែលរងគ្រោះថ្នាក់ នៅថ្ងៃ០៦ ខែឧសភា ឆ្នាំ២០១៦ បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់នៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង។
ក្នុងឱកាសនោះ លោក សេរី កុសល បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្ដីអាណិតអាសូរ និងការសោកស្តាយបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ចំពោះឧបទ្ទវហេតុដែលបានកើតឡើង ចំពោះប្រជាពលរដ្ឋដែលគាត់មិនដឹងអ្វីនោះ។
គ្រួសាររងគ្រោះទាំង៣ខាងលើទទួលបាអំណោយរួមមាន៖ អង្ករ១ប៉ាវស្មើរ ៥០គីឡូក្រាម មី ១កេស ទឹកត្រី១យួស្មើរ១២ដប ទឹកស៊ីអ៊ីវ១យួស្មើរ១២ដប ត្រីខ១យួ ស្មើ១២កំប៉ុង ទឹកក្រូច១កេស ទឹកផ្លែឈើ១កេស ទឹកសុទ្ធ១កេស និងថវិកាក្នុង១គ្រួសារ៨០ម៉ឺនរៀល លោកហេងរតនាអគ្គនាយកស៊ីម៉ាក់ថវិកា ទាំង៣គ្រួសារ ២លានរៀល និងសប្បុរសជនមកពីប្រទេសម៉ាឡេស៊ីតាម រយៈលោក សេរី កុសល ថវិការ៨០ម៉ឺនរៀល សំរាប់ចែកគ្នា៣គ្រួសារផងដែរ។
លោក សេរី កុសល បានផ្តាំផ្ញើរដល់បងប្អូនត្រូវមានការ ប្រុងប្រយត្ន័ចំពោះគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ មិនត្រូវឃើញហើយ យកទៅដំលេងនោះទេ ត្រូវរាយការណ៍ ទៅអជ្ញាធរឫសមត្ថកិច្ចដែលនៅជិតបំផុត ហើយលោកបានផ្តាំផ្ញើរទៅអជ្ញាធរដែនដី និងសមត្ថកិច្ចរាល់កិច្ចប្រជុំផ្សេងៗ ត្រូវលើកយករណីគ្រាប់ មិនទាន់ផ្ទុះមកផ្សព្វផ្សាយជំរាបប្រជាពលរដ្ឋ ឲ្យយល់ពីគ្រោះថ្នាក់ផ្សេងៗដើម្បីជាការប្រុងប្រយ័ត្ន។
ជាការឆ្លើយតបចំពោះការឧបត្តម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋរងគ្រោះ ក៏ដូចជាអជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋក្រីក្រនិងជួបគ្រោះថ្នាក់ផ្សេងៗ នៅទូរទាំងប្រទេស។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ កុមារា២នាក់បានស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ មូលហេតុឃើញគ្រាប់មុនទាន់ផ្ទុះ យកទៅដំលេង ខណៈពេល ដែលពួកគេទៅឃ្វាលគោ។ ដែលហេតុការណ៍នេះ ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕