(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន១,០៥៦,០០០ដូស ជាជំនួយរបស់ប្រទេសអ៉ីតាលី ដែលគ្រោងដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ត្រូវបានពន្យាដោយមិនមានការកំណត់ថ្ងៃណានៅឡើយ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះថា វ៉ាក់សាំងជាជំនួយរបស់អ៉ីតាលី ដែលគ្រោងដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃស្អែកនេះ ត្រូវបានពន្យាពេលជាបណ្ដោះអាសន្ន ដោយសារការផ្ទុះឡើងវិញ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសនោះ។

យោងតាមកំណត់ទូតដែលផ្ញើមកប្រទេសកម្ពុជា អ៉ីតាលី បានបញ្ជាក់ថា ជាមួយបញ្ហាផ្ទុះឡើងវិញនៃជំងឺកូវីដ១៩នេះ អ៉ីតាលី បានសម្រេចបិទជើងហោះហើរជាបណ្ដោះអាសន្ន ដោយមិនមានពេលកំណត់ ដូច្នេះហើយពុំមានយន្ដហោះសម្រាប់ដឹកវ៉ាក់សាំងមកកម្ពុជានោះទេ។ នេះបើតាមអ្វីដែលលោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា យ៉ាងណាមិញ ភាគីអ៉ីតាលី បានសន្យាថា នៅពេលស្ថានភាពធូរស្រាលនឹងព្យាយាមរកយន្ដហោះដើម្បីដឹកវ៉ាក់សាំងនោះមកកាន់ប្រទេសកម្ពុជាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕