(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហឬទ័យប្រទានពរជ័យដល់សម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុនាថ្ងៃ០៤មេសា។

ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន ទូលថា៖

«បពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ជាបឋមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណប្រកបដោយ កតញ្ញូ កតវេទិតាធម៌ និងក្តីសោមនស្សរីករាយជាអនេកប្បការដោយបានទទួលព្រះរាជសព្ទសាធុការពរ បវរសួស្តីសិរីមង្គលមហាប្រសើរ ដែលហ្លួងម៉ែជាអម្ចាស់ជីវិត ស្តេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះទាន ប្រសិទ្ធប្រោះព្រំ អមដោយផ្ការីកដ៏ស្រស់ក្រអូបមួយកន្ត្រកចំពោះទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារក្នុងឱកាសចំរើនជន្មាយុរបស់ទូលព្រះបង្គំជាខ្ញុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ និងក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ដ៏មហោឡាឫក្ស ឧត្តុង្គឧត្តមនេះ ។

តបនឹងព្រះរាជសារលិខិតទ្រង់ប្រោសព្រះរាជទានព្រះសព្ទសាធុការពរដ៏មានអត្ថន័យខ្ពង់ខ្ពស់ពីរោះ ក្បោះក្បាយជាអតិបរមា ខណៈនេះផងដែរទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជវរោកាសថ្វាយនូវ ព្រះសម្ភាវកថា ព្រមទាំងអធិដ្ឋានបួងសួងដល់តេជះព្រះបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់លើលោកជាអាទិ៍ ដួងព្រះវិញាណក្ខន្ធអតីត ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ពិសេស បំផុតដួងព្រះវិញាណក្ខន្ធ ព្រះវររាជបិតា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ និងទេវរក្សាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមលោកអភិបាលគ្រងរក្សាប្រោះព្រំព្រះពរជ័យថ្វាយសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈ សូម ទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអង្គសម្តេចម៉ ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំនិងភរិយា»