(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិត ថ្លែងអំណរព្រះគុណ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហឬទ័យប្រទានពរជ័យដល់សម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុនាថ្ងៃ០៤មេសា។

ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន ទូលថា៖

«បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលព្រះបង្គំជាខ្ញុំ និងភរិយា បានទទួលរួចហើយព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេស ដែលស្ដេច ទ្រង់សព្វព្រះរាហឫទ័យ ប្រោសព្រះរាជទាននូវព្រះសព្ទសាធុការពរបវរសួស្តីសិរីវឌ្ឍនាជយមង្គលមហាប្រសើរ អមដោយផ្ការីកដ៏ស្រស់ក្រអូបមួយកន្ត្រក ចំពោះទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចំរើនជន្មាយុរបស់ទូលព្រះបង្គំជាខ្ញុំនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ និងក្នុងឱកាសទទួល អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ដ៏មហោឡាឫក្ស ឧត្តុង្គឧត្តមនេះ។

តបចំពោះព្រះរាជហឫទ័យមេត្រីករុណា និងពាក្យពេចន៍ព្រះរាជសារ ព្រះសម្ភាវកថាអត្ថន័យខ្ពង់ខ្ពស់ ពីរោះក្បោះក្បាយដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្ដេចទ្រង់ប្រោសរាជទានដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ខណៈនេះទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវសមាចិត្តអំណរព្រះរាជ គុណដ៏ខ្ពង់ខ្ពស់ជាអតិបរមាចំពោះព្រះអង្គ ដែលជានិច្ចកាលស្ដេចទ្រង់សន្តោសប្រោសព្រះរាជទាននូវការ គាំទ្រដ៏កក់ក្តៅ ព្រមទាំងកោតសរសើរលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយភក្តីភាពចំពោះការ បំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ធានាបានសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀតទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជវរោកាសលំឱនកាយថ្វាយព្រះសព្ទសាធុការពរមហាប្រសើរសូម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ ទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវ អភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា»