(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រទានពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុនា ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។
ក្នុងព្រះរាជសារសម្ដេចព្រះមហាក្សត្រី ប្រទានដល់សម្ដេចតេជោ ហ៊ុន សែន, ព្រះអង្គមានព្រះបន្ទូលដូចតទៅ៖
«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាបសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមទទួលបាននូវ មហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីជាឧត្តមប្រយោជន៍ ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។
សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឆ្នើម និងដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងលើកតម្កើងក៏ត្យានុភាពនៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ ។
នៅក្នុងឱកាសដ៏ថ្លថ្លនេះ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ខាងមុខនេះ ខ្ញុំសូមប្រសិទ្ធពរជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕