(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាបមានចំនួន៣៥៤,៨៣៦នាក់ ក្នុងនោះទេសចរផ្ទៃក្នុងមានចំនួន៣៤២,៣៨៥នាក់ និងទេសចរអន្តរជាតិមានចំនួន១២,៤៥១នាក់, នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងចំណោមភ្ញៀវទេសចរផ្ទៃក្នុងទាំង៣៤២,៣៨៥នាក់នោះ មានទេសចរជាតិមានចំនួន៣៣៥,០០០នាក់ និងទេសចរបរទេសផ្ទៃក្នុងមានចំនួន៧,៣៨៥នាក់។ រីឯភ្ញៀវទេសចរអន្តរជាតិទាំង១២,៤៥១នាក់នោះមានដូចជាចិន បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ សិង្ហបុរី អូស្រ្តាលី វៀតណាម កូរ៉េខាងត្បូង និងជប៉ុន។

លោកបានបន្តថា «នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ រយៈពេលដូចគ្នានេះ ភ្ញៀវទេសចរដែលទិញបណ្ណចូលទស្សនាអង្គរមានចំនួន១៩,៨៤០នាក់ គិតទាំងទេសចរបរទេសផ្ទៃក្នុងដែលបានទិញបណ្ណ ក្នុងនោះទទួលបានចំណូលពីការលក់បណ្ណមានចំនួន៨១៥,៥៧៥ដុល្លារអាមេរិក»។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានជើងហោះហើរសរុបចំនួន១៤៤ជើង៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline មួយជើងក្នុង១ថ្ងៃ និងក្រុមហ៊ុនអាកាសចរណ៍Cambodia Angkor Air ២ជើងក្នុងមួយសប្តាហ៍ (ភ្នំពេញ-សៀមរាម-ភ្នំពេញ)។ ដោយទ្បែក ក្រុមហ៊ុនអាកាសចរណ៍ Thai Smile បានផ្អាកការហោះហើរមកកាន់ខេត្តសៀមរាប វិញហើយចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

លោក ថោង ខុន បានបញ្ជាក់ទៀតថា ក្រោយពីការបើកដំណើរការទទួលទេសចរឡើងវិញ អាជីវកម្មកំពុងដំណើរការសរុបមានចំនួន២៤៧កន្លែង ស្មើនឹង៣០%នៃអាជីវកម្មសរុបចំនួន៨២១កន្លែង៕