(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន គណៈកម្មការបង្រ្កាបបទល្មើសគ្រប់ប្រភេទ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និង កម្លាំងអាវុធហត្ថខេត្ត សហការគ្នាបង្រ្កាបរថយន្តដឹកឈើប្រណិត១គ្រឿង កាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចផ្លូវបំបែកផ្សារដើមគរ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វណ្ណ សាវុធ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរបានប្រាប់ភ្នាក់ងារ Fresh News ថា ការអនុវត្តន៍នេះធ្វើឡើងតាមបញ្ជាផ្ទាល់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ លោកបានបន្តថា រថយន្តដឹកឈើត្រូវបានបង្រ្កាបបានម៉ាក Camry សេរីឆ្នាំ១៩៩៥ ចង្កូតស្ដាំ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-0147 និងឈើប្រណិតធ្នង់៤១ដុំ ស្មើនឹង១,៤៧៨ ម៉ែត្រគូប។ ក្រោយពេលបង្ក្រាបបានរថយន្ដ និងឈើប្រណិត ត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕