(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក គួច ចំរើន បានបង្ហាញក្តីសាទរចំពោះសមិទ្ធផលទាំងនេះបានកើតឡើងដោយការចូលរួមជ្រោមជ្រែងរបស់ពុទ្ធសាសនិកជននៅទីនេះ។

លោកបន្តថា វិស័យអាណាចក្រ និងពុទ្ធចក្របានដើរទន្ទឹមគ្នា ដើម្បីធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព ការអភិវឌ្ឍប្រជាជនរស់នៅដោយសុខសាន្ត។ ជាមួយគ្នានេះ ជំនឿសាសនាទាំងអស់ត្រូវបានបើកចំហ និងសាសនិកទាំងឡាយ រួមរស់ជាមួយគ្នាដោយសុខដុម។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញផ្នែកជំនឿសាសនានិងវប្បធម៌។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព។

លោកបានគូសបញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះគឺមរតក នៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។ កត្តាសុខសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះយើងត្រូវបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្សបន្តទៀត។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងអារាមនេះរួមមាន៖

*ទី១៖ ឧបដ្ឋានសាលាមួយខ្នងមានបណ្ដោយ៣០ម៉ែត្រ ទទឹង១៨ ម៉ែត្រ កម្ពស់១៥ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ កសាងថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ រួចរាល់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណាយថវិកា ១៨០.៦៥០ដុល្លារ។
*ទី២៖ រោងទទួលភ្ញៀវមួយ មានបណ្ដោយ២២ម៉ែត្រ ទទឹង ៥ម៉ែត្រ កំពស់៧ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ ចំណាយថវិកា ៣.៨៥០ដុល្លារ។
*ទី៣៖ ខ្យុះចំនួន៤ ចាប់ផ្ដើមកសាងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំណាយថវិកា ៦.០០០ដុល្លារ។

សមិទ្ធផលទាំង៣ខាងលើចំណាយថវិកាចំនួន ១៩០.៥០០ដុល្លារ បានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា ពុទ្ធបរិស័ទ និងការរួមចំណែករបស់អភិបាលខេត្ត និងលោកស្រីផងដែរ៕