(សៀមរាប)៖ BNI Cambodia Foundation បានរៀបចំកម្មវិធីសប្បុរសធម៌ «ជិះកង់ស្រង់ដង្ហើមសេដ្ឋកិច្ចសៀមរាប» ដោយបានជួយឧបត្ថម្ភការជួសជុល និងយកសម្ភារសិក្សាជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សានគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

ថ្លែងក្នុងពិធីដែលរៀបចំនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោក ឡុក ស្មីតសាមឌី ម្ចាស់យីហោ BNI Cambodia បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងចំពោះភាពជោគជ័យដែលស្ថាប័ននេះ បានរៀបចំសម្រាប់កម្មវិធីសប្បុរសធម៌នៅពេលនេះ។ លោកប្រាប់ថា គោលបំណងសំខាន់នៃពិធីនេះ គឺដើម្បីជួយសាលា និងកុមារខ្វះខាត ដែលត្រូវការ ការជួយពីសមាជិកម្ចាស់អាជីវកម្មទាំងអស់របស់ BNI។ លោកបន្តថា ពិធីនេះ ក៏មានបំណងដើម្បីជាចំណែកនាំការផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាបផងដែរ ព្រោះថា BNI មានសមាជិក៧៦ប្រទេស ដែលមានសក្កានុពល ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ពិភពលោកបាន និងប្រាប់ថា សៀមរាបជាគោលដៅសុវត្ថិភាព។

លោក ឡុក ស្មីតសាមឌី មានប្រសាសន៍ទៀតថា BNI តែងរៀបចំសកម្មភាពសប្បុរសធម៌ជារឿយៗ ក្នុងបំណងចែករំលែកអ្វីដែលម្ចាស់អាជីវកម្មទទួលបានពីការរកស៊ីរបស់ខ្លួន ដែលមួយផ្នែកបានបរិច្ចាគទៅកាន់សង្គមវិញ។ សម្រាប់នៅសាលាបឋមសិក្សានគរក្រៅនេះ BNI បានជួយជួសជុលបង្គន់អនាម័យ លាបថ្នាំអាគារសិក្សា និងកម្រាល ព្រមទាំងចែកសម្ភារសិក្សាដល់សិស្សានុសិស្សផងដែរ។

លោក ឈុន សុភឿន នាយកសាលាបឋមសិក្សានគរក្រៅ មានប្រសាសន៍ថា សាលារបស់លោកមានអាគារចំនួន៤ មាន១២បន្ទប់ និង២០ថ្នាក់ បង្រៀនពីកម្រិតមតេយ្យ ដល់ថ្នាក់ទី៦។ សាលានេះមានសិស្សសរុប ៧៨៩នាក់ ស្រី ៣៨៩នាក់ ហើយស្ថានភាពរស់នៅមិនសូវជាធូរធារប៉ុន្មានទេ។ អាណាព្យាបាលសិស្ស ភាគច្រើនជាពលករបោសសម្អាត ជួសជុលប្រាសាទ និងលក់ដូរបន្ដិចបន្តួចតាមប្រាសាទ។

ជាមួយនេះ លោកនាយក ក៏បានថ្លែងអំណរគុណដល់ BNI ដែលបានជួយដល់សាលា ព្រមទាំងផ្តល់សម្ភារដល់សិស្ស។ លោក ឈុន សុភឿន រំពឹងថា BNI នឹងបន្តជួយទ្រទ្រង់សាលានេះទៀត ដែលជាចំណែកក្នុងការជួយវិស័យអប់រំក្នុងខេត្តសៀមរាប៕