(ភ្នំពេញ)៖ ក្នុងខណៈដែលប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត អបអរចំពោះភាពលូតលាស់សេដ្ឋកិច្ច បានជួបជុំគ្រួសារ មានសុខភាពល្អ ធូរស្បើយពីវិបត្តិជំងឺកូវីដ១៩ បានសុខសប្បាយ ត្រៀមរីករាយសង្ក្រាន្តឆ្នាំថ្មី ប្រជាជនទាំងអស់គ្នាតែងតែចងចាំជានិច្ចថាភាពរុងរឿង និងក្សេមក្សាន្តនេះ អាចកើតឡើងទៅបានលុះត្រាតែយើងមានសន្តិភាព។

ប្រជាជនខ្មែរស្គាល់ច្បាស់នូវគុណតម្លៃនៃសន្តិភាព តាំងតែពីជាងកន្លះសតវត្សរ៍មុនមកម្លេះ ដែលកាលនោះជាពេលវេលាចាប់ផ្តើមនៃការបង្កសង្គ្រាមពីសំណាក់បរទេស និងបន្តសង្គ្រាមស៊ីវិលក្នុងប្រទេស អូសបន្លាយអស់រយៈពេលជិត៣ទសវត្សរ៍។ សង្គ្រាម និងមហន្តរាយនៃសង្គ្រាមបានបន្តកើតឡើងរហូតដល់ឆ្នាំ១៩៩៨ ដែលជាឆ្នាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការរំលត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជាជាស្ថាពរ ក្រោយពីការរំលាយចោលទាំងស្រុងនូវអង្គការចាត់តាំងយោធារបស់ក្រុមប្រដាប់អាវុធនៅតាមតំបន់គ្រប់គ្រងនានានៅក្នុងប្រទេស ហើយរួបរួមគ្នានៅក្រោមរាជរដ្ឋាភិបាលតែមួយ ដែលជាលទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ។ សន្តិភាពនៅឆ្នាំ១៩៩៨ ជាសន្តិភាពពេញលេញជាលើកដំបូងបំផុតនៅរយៈកាល៥០០ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រខ្មែរ។ ប្រជាជនខ្មែរមានសង្ឃឹម និងមានភាពកក់ក្តៅ ដែលថ្នាក់ដឹកនាំខ្មែរបានប្តេជ្ញាការពារ និងថែរក្សាសន្តិភាពឱ្យបានគង់វង្សជាដាច់ខាត ទោះជាក្នុងតម្លៃណាក៏ដោយ។

នៅខណៈនាទីនេះ នៅពេលដែលប្រជាជនកម្ពុជាកំពុងតែមានជីវិតសុខសប្បាយ មានម្ហូបអាហារទទួលទានសមរម្យ ក្រោមដំបូលដ៏ត្រជាក់ ជួបជុំឪពុកម្តាយ បងប្អូន រស់នៅក្នុងកម្រិតជីវភាពទំនើប ក្រោមការដឹកនាំរបស់រដ្ឋាភិបាលជាអាណាព្យាបាលដែលយកសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ ប្រជាជនក៏មានភាពក្តុកក្តួល អាណិតអាសូរណាស់ ចំពោះប្រជាជាតិនៃប្រទេសនានា ដែលកំពុងរងគ្រោះពីវិបត្តិមនុស្សធម៌ដ៏ធំ បាត់បង់ជីវិត ព្រាត់ប្រាសនិរាសគ្រួសារ រត់ចោលស្រុកកំណើត ខូចខាតទ្រព្យសម្បត្តិ ខូចខាតហេដ្ឋារចនាសម្ពន្ធ កើតក្តីមហន្តរាយ ប្រកបដោយវិនាសកម្ម តួយ៉ាងដូចជាប្រទេសអ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយប្រទេសរុស្ស៉ឺ និងប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងវិបត្តិចលាចល និងជម្លោះប្រដាប់អាវុធ។ ទាំងមនុស្ស ទាំងសត្វ ទាំងវត្ថុ សុទ្ធតែត្រូវរងគ្រោះមិនអាចសុំឱ្យសង្គ្រាមលើកលែងបាន។ អី្វដែលមិនគួរឱ្យជឿ គឺសង្គ្រាមនេះកើតឡើងក្នុងសតវត្សទី២១ នៅប្រទេសដែលជឿនលឿន និងមានការប្រទាញប្រទង់ផ្នែកនយោបាយពីសំណាក់មហាអំណាចពិភពលោក។ នេះជាឧទាហរណ៍ និងជាមេរៀនរំឭកដល់ប្រជាជនរាល់គ្នាថា ទាល់តែមានសន្តិភាព ទើបមានភាពសុខសាន្ត ទើបអាចប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីបាន ទើបអាចអនុវត្តដំណើរការអភិវឌ្ឍសង្គមបាន ទើបអាចអនុវត្តលទ្ធិប្រជាធិបតេយ្យបាន ទើបអាចគិតគូរបញ្ហាសិទ្ធិមនុស្សបានជាដើម។

នៅប្រទេសជាច្រើនលើសលុបក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានលើកកម្ពស់ជាអាទិភាព ដរាបណាមិនប៉ះពាល់នឹងបញ្ញត្តិច្បាប់។ សិទ្ធិសេរីភាពរបស់មនុស្សមានវិសាលភាពទូលំទូលាយណាស់ ប៉ុន្តែសិទ្ធិសេរីភាពនេះ ប្រសិនបើអនុញ្ញាតឱ្យប្រើប្រាស់បែបដាច់បង្ហៀនោះនឹងបំពានដល់សិទ្ធិសេរីភាពរបស់មនុស្សដទៃទៀតដែលជាសមាជិកក្នុងសង្គមជាមួយគ្នា។ ហេតុនេះហើយ ទើបមនុស្សបង្កើតច្បាប់សម្រាប់ជាបន្ទាត់កំណត់ព្រំដែននៃសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ពុះចែករវាងសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ជាមួយនឹងសិទ្ធិសេរីភាពរបស់បុគ្គលដទៃ ដើម្បីកសាងសុខុដុមនីយកម្មរវាងគ្រប់សមាជិកក្នុងសង្គម។ សុខុដុមនីយកម្មរវាងគ្រប់សមាជិកក្នុងសង្គម គឺសន្តិភាពនេះឯង ហើយសន្តិភាព ឬសុខុដុមនីយកម្មសង្គមនេះរក្សាការពារបានដោយការគោរពព្រំដែនកំណត់នៃសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ គឺការគោរពច្បាប់។

ការពិតពីមាតុភូមិ, ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២