(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសារលិខិតនោះមានខ្លឹមសារថា «ក្នុងអភិលក្ខិតសម័យដ៏មហាសិរីមង្គលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ និងក្នុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ សូមលំឱនកាយ គោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានសុខភាពល្អបរិបូរណ៍ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីបន្តដឹកនាំជាតិ មាតុភូមិ និងប្រជាជនកម្ពុជាជាទីស្នេហានៃយើង ឲ្យបានប្រកបដោយសុខសន្តិភាព សម្បូរសប្បាយ ថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងទិវាអភិមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតស្ញប់ស្ញែងប្រកបដោយមោទកភាព ចំពោះភ័ព្វសំណាងនៃយើងខ្ញុំទាំងអស់គ្នា ដែលមាន សម្តេចតេជោ ជាមេដឹកនាំដ៏អង់អាចក្លាហាន មានឆន្ទៈមោះមុត ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ មានប្រាជ្ញាឈ្លាសវៃក្នុងការដាក់ចុះយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គ្រប់គ្រងបានជោគជ័យ គ្រប់ស្ថានភាពនយោបាយ សេដ្ឋកិច្ច ជំងឺរាតត្បាតជាសកលនៅក្នុងប្រទេស នយោបាយការទូតនៅក្នុងតំបន់ និងពិភពលោក ធ្វើឲ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺ។
ស្ថិតក្នុងថ្ងៃដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណម្យបួងសួងដល់តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖