(ភ្នំពេញ)៖ រសជាតិជីវិតក្នុងសម័យសង្គ្រាមគឺជូរចត់ខ្លាំងណាស់ ប្រៀបដូចបង្កៃជីវិតនៅមាត់ទ្វារមច្ចុរាជ ទោះគេចផុតពីគ្រាប់កាំភ្លើង គ្រាប់បែក ក៏រស់នៅទាំងវេទនាដែរ ដូច្នេះហើយចូលកូនចៅខ្មែរជំនាន់នេះ និងជំនាន់ទៅមុខ ត្រូវសាមគ្គីគ្នាថែរក្សាសន្តិភាពដែលកម្ពុជាមានក្នុងពេលសព្វថ្ងៃនេះឱ្យបានរឹងមាំគង់វង្សយូរអង្វែង ព្រោះយើងជាអតីតយុទ្ធជន ជាប្រជាជនវ័យចំណាស់នេះបានហែលឆ្លងឆ្អែតឆ្អន់ហើយ មិនចង់ឱ្យកូនចៅរងទុក្ខដូចពួកយើងនោះទេ, នេះជាសារផ្ដាំផ្ញើដាស់តឿនរបស់អតីតយុទ្ធជននៅខេត្តពោធិ៍សាត់។

អាយុខ្ទង់ជាង៧០ឆ្នាំ ភ្នែកពិការបាំងដោយវ៉ែនតាខ្មៅ លោកអ៊ំដែលជាអតីតយុទ្ធជនរូបនេះបានរំឭកអនុស្សាវរីយ៍ជូរចត់កាលពីសម័យសង្គ្រាម ដែលធ្វើឱ្យប្រជាជនខ្មែរព្រាត់ប្រាសគ្រួសារ ខ្វះស្បៀងអាហារ និងទីជម្រក រត់គេចពីគ្រាប់កាំភ្លើង គ្រាប់បែក គ្រាប់ផ្លោង ដេកពួនក្នុងរណ្ដៅ ក្នុងព្រៃជាដើម មានជីវិតរស់មួយថ្ងៃគឺជាសំណាងខ្លាំងណាស់។

លោកអ៊ំបានលើកដៃប្រណមថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាឥស្សរជនកម្ពុជាដទៃទៀត ដែលបានស្រោចស្រង់ប្រទេសនិងប្រជាជនកម្ពុជា ស្វែងរកសន្តិភាពមកជូនប្រជាជាតិដ៏កម្សត់មួយនេះ ពិសេសគឺបាននាំមុខក្នុងការការពារសុខសន្តិភាពដែលរកបានដោយលំបាក។ ក្នុងទស្សនៈរបស់លោកអ៊ំ គឺបានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពរបស់កម្ពុជា។

លោកអ៊ំបានផ្ដាំដល់កូនចៅរបស់លោកអ៊ំ ក៏ដូចជាកូនខ្មែរគ្រប់រូបសូមរួបរួមគ្នាជាធ្លុងមួយការពារថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានដូចពេលសព្វថ្ងៃនេះ ដាច់ខាតកុំជឿតាមការញុះញង់របស់គណបក្សដទៃក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ពីព្រោះភាពជឿនលឿនដែលពួកគេឃោសនានោះ មិនមែនជប់បានស្រួលៗនោះទេ គឺត្រូវផ្ដើមចេញពីសន្តិភាពជាមុនសិន ហើយសន្តិភាពនេះមិនមែនពួកគេជាអ្នករកបាននោះទេ។

លោកអ៊ំអតីតយុទ្ធជនពិការភ្នែករូបនោះបានថ្លែងយ៉ាងដូច្នេះថា «រាល់ថ្ងៃនេះ ទោះបីភ្នែកមើលមិនឃើញ ក៏តែងស្ដាប់ព័ត៌មាន ប្រទេសនេះប្រទេសនោះគេលំបាក ប្រទេសខ្មែរយើងសន្តិភាព ដល់អ៉ីចឹងខំប្រាប់កូនប្រាប់ចៅថា កូនអ្ហើយថែរក្សាសន្តិភាព កាលជំនាន់ឪរត់រែកពន់សែង បានតែអង្ករយកទៅស៉ី ខ្វះភួយខ្វះមុង ដេកក្នុងព្រៃ ជីករណ្ដៅរូងដីចូលដេក គេចពីគ្រាប់បែកអាមេរិកាំង អាបេ៥២ធ្លាក់មកខ្ទេចដីធ្លី ផ្ទះសម្បែងអស់ ឥឡូវនេះបានស្រួលហើយ កុំជឿពាក្យគេញុះញង់ថាគណបក្សនេះ គណបក្សនោះគេទំនើប សប្បាយ តែអ្វីទាំងនេះគឺមិនមែនជប់បានទេ គឺត្រូវធ្វើតាមដំណាក់កាល រហូតដល់ឥឡូនេះមានការរីកចម្រើនច្រើនណាស់ហើយ»

ក្នុងនាមអតីតយុទ្ធជនដែលទទួលបានការយកចិត្តទុកដាក់ខ្លាំងពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោកអ៊ំអតីតយុទ្ធជនពិការភ្នែកដដែលខាងលើបានលើកដៃថ្លែងអំណរគុណសម្ដេចតេជោ ក្រោយដឹងនាំថាសម្ដេចដំឡើងប្រាប់សោធននិវត្តន៍ជូនដល់អតីតយុទ្ធជនគ្រប់គ្នាទូទាំងប្រទេស តួយ៉ាងលោកអ៊ំផ្ទាល់ក៏ទទួលបាន១លានរៀលក្នុងមួយខែផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា តាមការធ្វើបច្ចុប្បន្នភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ ឃើញថា នៅទូទាំងប្រទេសមានអតីតយុទ្ធជនប្រមាណជាង១០ម៉ឺននាក់ ក្នុងចំណោមនោះមានអតីតយុទ្ធជនជិត៩,០០០គ្រួសារជួបការខ្វះខាតដីធ្លី ខ្វះផ្ទះ ឬជម្រកស្នាក់នៅ ហើយស្ថិតនៅក្នុងបន្ទាត់នៃភាពក្រីក្រ។

គួរជម្រាបថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឱ្យបានកើនខ្ពស់ជាងមុន ដើម្បីបង្កើនល្បឿននៃការភ្ជិតគម្លាតប្រាក់សោធននិវត្តន៍រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី។ ជាមួយគ្នានេះ ប្រាប់សោធននិវត្តន៍ត្រូវបើកជូនអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ឱ្យបានទៀងទាត់ ដើម្បីពួកគាត់អាចយកថវិកាទាំងនោះប្រើប្រាស់សម្រាបផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា៕