(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ បានបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ចំនួន២៥០គ្រួសារ នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត /ស្រុក ឃុំប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បាននាំនូវការសាកសួរសុខទុក្ខ ផ្ទះសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ ព្រួយបារម្ភពីសុខទុក្ខចំពោះប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាត ពិសេសជនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាព ដោយសម្ដេចមិនភ្លេចការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយកត្តាផ្សេងៗនោះដែរ ពោលគឺការចែកជូនជាបន្តបន្ទាប់ទៅតាមប្រភេទនៃការរងគ្រោះ មិនប្រកាន់រើសអើង ពេលនិន្នាការនយោបាយ សាសនា នោះឡើយ តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកបណ្ឌិត បានបន្តថា រាល់អំណោយដែលបានចែកជូនគឺសុទ្ធតែជាការបរិច្ឆាគទាំងថវិកា និងសម្ភារៈ របស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្តចំពោះសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ជួយទៅដល់ជនរងគ្រោះគ្រប់មូលដ្ឋានប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវចំពោះថ្នាក់ដឹកនាំ អាជ្ញាធរ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្ដល់សេវា និងប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសូមទៅទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ កាត់បន្ថយការឆ្លងរាលដាលនៅក្នុងសហគមន៍។

អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំមកប្រគល់ជូនប្រជាពលរដ្ឋជួបកង្វះខាតចំនួន ២៥០គ្រួសារនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីទ្បូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកាចំនួន ២ម៉ឺនរៀល៕