(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សារបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅចុងសប្ដាហ៍នេះ យើងបានរៀនអំពីការធ្វើបច្ចុប្បន្នភាពព័ត៌មាន ដែលភាសាងអង់គ្លេសហៅថា News Updated ឬ Developing News Report។

ការសរសេរព័ត៌មានក្ដៅ ទាមទារឲ្យយើងសរសេរឱ្យបានទាន់ពេលវេលា ឬទាន់ហេតុការណ៍ ប៉ុន្តែយ៉ាងណាព្រឹត្តិការណ៍មួយកើតឡើងតែងតែទាមទារឲ្យមានការតាមដានដែលហៅថា ការធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ដូច្នេះតើធ្វើយ៉ាងណា ទើបធ្វើឲ្យការសរសេរបច្ចុប្បន្នភាពព័ត៌មានបានល្អ និងមានវិជ្ជាជីវៈ?

ឆ្លើយតបទៅនឹងការចោទសួរនេះ លោក ម៉ារ យ៉ារិទ្ធ នៅក្នុងនាមជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានឲ្យដឹងថា «ការសរសេរបច្ចុប្បន្នភាព គេនៅតែបន្តប្រើ Direct Lead ដូចព័ត៌មានក្ដៅដដែល។ ប៉ុន្តែមុនចាប់ផ្ដើមសរសេរត្រូវចោទជាសំណួរគោលៗចំនួន៥សិន ដើម្បីធានាពីការសរសេរបានត្រឹមត្រូវ និងមានភាពទាក់ទាញ»

ចំណុចសំខាន់ទាំង៥នោះ រួមមាន៖

១៖ តើមានអ្វីថ្មីទាក់ទងនឹងរឿងដែលយើងសរសេរ?
២៖ ពិនិត្យអ្វីដែលសរសេររួចហើយឬនៅ?
៣៖ ស្រាវជ្រាវរកការពិតសំខាន់អំពីបុគ្គលដែលពាក់ព័ន្ធប្រវត្តិនៃព្រឹត្តិការណ៍
៤៖ រៀបចំកត់ត្រានូវអ្វីដែលសំខាន់
៥៖ រករបាយការណ៍នានាដែលជាប់ពាក់ព័ន្ធការពិតឬពាក់ព័ន្ធ បុគ្គលដែលមានការកត់ត្រា ហើយយើងចាប់ផ្ដើមសរសេរដោយប្រើ Direct Lead ធម្មតា

ជាមួយគ្នានេះ លោក ម៉ារ យ៉ារិទ្ធ បានបន្ថែមថា៖ «រឿងដែលគេសរសេររួចហើយ ឬរឿងដែលមានពី ម្សិលមិញហើយ មិនអាចជារឿងដែលយើងត្រូវសរសេរដូចគេនោះទេ។ ត្រូវតែព្យាយាមរកអ្វីថ្មី»

ក្រោយសិក្សាយ៉ាងលម្អិតអំពីការសរសេរបច្ចុប្បន្នភាពព័ត៌មាន FTC បានបន្តសិក្សាអំពីបទយកការណ៍ ឬ News Feature ផងដែរ។ នៅក្នុងថ្នាក់សិក្សារបស់ FTC វគ្គ២ ដែលមានរយៈពេល៣ខែ បាននិងកំពុងសិក្សាយ៉ាងរលូន បើទោះជាស្ថិតនៅក្នុងបរិបទនៃជំងឺ COVID-19 ដោយថ្នាក់សិក្សាបានយកចិត្តទុកដាក់ជាមួយសុវត្ថិភាពរបស់សិក្ខាកាម ដោយមានការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ជាមួយនឹងការពាក់ម៉ាស់ វាស់កម្ដៅ និងបាញ់អាកុលសម្លាប់មេរោគមុនចូលរៀនជាដើម។

គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334