(ស្វាយរៀង)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធបតីក្នុងពិធីប្រកាសទទួលស្គាលក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិទាំង៥ ក្នុងសង្កាត់បាវិត ក្រុងបាវិត។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានបញ្ជាក់ថា ការទទួលស្គាល់ក្រុមការងារនាថ្ងៃនេះ គឺដើម្បីត្រៀមការងារចុះមូលដ្ឋាន និងការតស៊ូប្រយុទ្ធដណ្តើមសន្លឹកឆ្នោត និងបេះដូងពីប្រជាពលរដ្ឋសម្រាប់ភាពឈ្នះ លើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នាពេលខាងមុខជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើង។
លោកបានបន្តទៀតថា «ប្រទេសកម្ពុជា ជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ហើយការដឹកនាំនយោបាយ និងការដឹកនាំប្រទេសជាតិ ត្រូវកើតចេញពីការបោះឆ្នោត ដែលផ្តល់សិទ្ធិ និងអំណាចជូនដល់ប្រជាពលរដ្ឋជាអ្នកសម្រេច និងជាអ្នកជ្រើសរើស»។
លោក លី ធុជ បានណែនាំឲ្យសមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការឲ្យកាន់តែជិតស្និទជាមួយសមាជិកគណក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្ស និងក្រុមបក្ស ដើម្បីក្តាប់ឲ្យបាននូវស្ថានភាពរបស់សមាជិកគណបក្ស នៅតាមមូលដ្ឋាន ជាពិសេសត្រូវបន្តចុះធ្វើសកម្មភាពឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕