(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំសមាជិកសកម្មបក្សធ្វើការបូកសរុបបញ្ចប់បច្ចុប្បន្នភាព សមាជិកបក្សឃុំភ្នំសំពៅ រួចបាននាំថវិកាមូលនិធិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៧លាន២សែនរៀល ទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាពប្រមាណ៣៦នាក់ នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។
ក្នុងឱកាសនាំថវិកាជូនស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារអ្នកមរណភាពនេះ លោក ហែម ថេង បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និងលោក សុខ ផល ប្រធានក្រុមការងារចុះជួយស្រុកបាណន់ ទៅជម្រាបជូនប្រជាពលរដ្ឋ។ លោកបាន ដឹកនាំក្រុមការងារប្រារព្វពិធីក្រុងពលីលើភ្នំសំពៅដើម្បីសុំសេចក្តីសុខ ដល់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល នាព្រឹកថ្ងៃដដែលនេះផងដែរ ព្រមទាំងបានអញ្ជើញពិសារបាយសាមគ្គីរួមគ្នា១ពេលផង។
លោក ហែម ថេង បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរ ពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូន ជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារគណបក្សប្រចាំការ ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងជានិច្ច»។ ជាក់ស្តែងថ្មីៗនេះឃុំភ្នំសំពៅយើង ក៏បានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ តែក្រុមការងារបានចុះជួយទាន់ពេលវេលាផងដែរ ចំណែកទឹកប្រើប្រាស់ឃុំភ្នំសំពៅយើងនេះ ពុំមានជួបបញ្ហាអ្វីនោះទេ។
លោក ហែម ថេង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពី គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាំជួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលអាក់ខានឡើយ។ លោក ហែម ថេង បានផ្តាំផ្ញើដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការរស់នៅ ហូបស្អាត អនាម័យល្អ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារឲ្យបានទៀងទាត់ តាមពេទ្យណែនាំ។ ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង បានគោរពថ្លែងអំណរ គុណដល់សម្តេចក្រុមក្រឡាហោម ស ខេង និងក្រុមការងារគណបក្សប្រជាជនកម្ពុជាដែលចុះពង្រឹងមូលដ្ឋានឃុំភ្នំសំពៅ បានលះបង់ ពេលវេលា ព្រមទាំង ថវិកា ចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាមួយឡើយ។
លោកបានបញ្ជាក់ថា ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង បានចែកជូនប្រចាំខែមេសា ឆ្នាំ២០១៦ ដល់ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។
បន្ទាប់មកលោកប្រធានក្រុមការងារបាន ជួបសំណេះសំណាលសមាជិក សមាជិកា យុវជន សកម្មជនបក្ស ឃុំ សាខាបក្សភូមិទាំង១០នៅទីស្នាក់ការបក្ស ដោយលោកបានសំណូមពរឲ្យសកម្មជនយើងចុះពង្រឹងនិងក្តាប់សភាពការណ៍ឲ្យបានពីស្ថានភាពដែលកើតមានឡើងភ្លាមៗ និងរាយការណ៍ដល់ ក្រុមការងារ ដើម្បីចាត់វិធានការបានទាន់ពេលវេលាជូនប្រជាពលរដ្ឋយើង ព្រមទាំងបានចំណាយឧត្ថមជាថវិកាដល់ទីស្នាក់ការក្ស បុគ្គលិកប្រចាំការ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជួសជុលផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរងការខូចខាតដោយសារខ្យល់កន្រ្តាក់ និងសម្រាប់ចិញ្ចឹមចលនាបក្សឃុំទាំងអស់ សរុបចំណាយជា ថវិកាអស់ចំនួន៧.២៤៥ដុល្លារ៕