(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅឃុំកែវផុស ហែរញត្តិតវ៉ាមុខភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំមេត្តាជួយអន្តរាគមន៏ ដោះស្រាយដី អាស្រ័យផល ដែលមានការពាក់ព័ន្ធជាមួយ ឧកញ៉ា ជៀម ផែន។
នៅម៉ោង១០៖៣០នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំនួន១៨ គ្រួសារតំណាងឲ្យប្រជាពលរដ្ឋ ៤៩គ្រួសារ ដែលមកពីឃុំកែវផុល ខេត្តព្រះសីហនុ បានមកជួយជុំគ្នានៅក្រោមដើមពោធិ៍ មុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីតវ៉ា និងដាក់ញ្ញាត្តិ ជូនសម្តេច មេត្តាជួយអន្តរាគមន៍ដោះស្រាយដី អាស្រ័យផលដែល មានការពាក់ព័ន្ធជាមួយលោក ឧកញ៉ា ជៀម ផែន។
លោក ជិន សុវណ្ណដេតតំណាងឲ្យប្រជាពលរដ្ឋ៤៩គ្រួសារ បានប្រាប់អង្គភាព Fresh News ថា «រហូតដល់ពេលនេះគណៈកម្មាការ មិនទាន់បានវាស់ដីអាស្រ័យផល ជូនពួកគាត់នៅឡើយទេ គឺចែកតែដីលំនៅដ្ឋានតែប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលមិនមានដីសម្រាប់ធ្វើស្រែចំការនឹងគេ ពួកគាត់បន្តថា បើគ្មានដីសម្រាប់ធ្វើស្រែចំការផង តើឲ្យពួកគាត់រស់នៅយ៉ាងដូចម្តេចទៅ? ពួកគាត់បញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន បានចារឲ្យគណៈកម្មាការ ចុះវាស់វែងដីលំនៅដ្ឋាន និងដីអាស្រ័យផល ជូនពួកយើងខ្ញុំ ហើយទាំងដីលំនៅដ្ឋាន និងដីអាស្រ័យផល តែគណៈកម្មាការ ដែលមានការពាក់ព័ន្ធជាមួយ ឧកញ៉ា ជៀម ផែន មិនបានវាស់វែងដីអាស្រ័យផលជូនពួកគាត់នោះទេ សូមសម្តេចតេជោ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់កូនចៅ ដែលកំពុងតែជួបការលំបាកខ្វះព្រឹក ខ្វះល្ងាចផង»។
ក្រោយការហែរញត្តិសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែននៅថ្ងៃដដែលនោះ ក្រុមការងារខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានចេញមកទទួលញត្តិ ហើយណែនាំ និងពន្យល់ពួកគាត់ឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ។ ក្រោយមកពួកគាត់់ ក៏បានឡើងរថយន្តត្រឡប់ទៅគេហដ្ឋានអស់ផងដែរ៕