(ភ្នំពេញ)៖ មូលនិធិអង្គរ ជាមូលនិធិមួយដែលបង្កើតឡើងដោយក្រុមហ៊ុនស្រាបៀរកម្ពុជា ខេម ប្រ៊ូវ(ស្រាបៀរអង្គរ)នៅថ្ងៃទី០៧ ខែឧសភា នេះ បានសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះចែកទឹកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកសម្រាប់ទទួលទាន និងប្រើប្រាស់ ខណៈដែលខេត្ដក្រុងស្ទើរតែទាំងស្រុងរបស់កម្ពុជាកំពុងទទួលរងគ្រោះរាំងស្ងួត ដែលអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ។
អ្នកស្រី ប៊ូយ ចាន់សុធា ប្រធានមូលនិធិអង្គរបានឲ្យដឹងថា មូលនិធិអង្គរក៏ដូចជាក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូ បានសហការគ្នាជាមួយនិងក្រសួងឧស្សាហកម្ម ចុះចែកទឹកស្អាតនិងទឹកប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះរំាងស្ងួតជាបន្ទាន់ ហើយជាលទ្ធផល មូលនិធិបានសម្រេចបង្កើតឲ្យគណៈកម្មការចែកទឹកជូនប្រជាពលរដ្ឋ ដោយបែងចែកជាពីដំណាក់កាល។
អ្នកស្រីបន្ដថា ដំណាក់កាលទីមួយនេះ ខាងយើងបានប្រើប្រាស់រថយន្ដដឹកទឹកចំនួន២០គ្រឿង សីទែនស្ដុកទឹក ១១០គ្រឿង ដើម្បីធ្វើការចែកចាយទឹកជូនប្រជាពលរដ្ឋ ហើយថ្ងៃនេះ យើងចេញដំណើរទៅកាន់ខេត្ដចចំនួន៣ខេត្ដ គឺកំពង់ស្ពឺ មានចំនួន៣ស្រុក ស្រុក គងពិសី ភ្នំស្រួច ស្រុកបរសេដ ខេត្ដកំពត ដែលមានចំនួន៦ស្រុក រួមមានក្រុងកំពត ទឹកឈូ កំពង់ងត្រាច ដងទង់ អង្គរជ័យ និងខេត្ដកែប ដែលមានចំនួន២ស្រុក គឺក្រុបកែប និងដំណាក់ចង្អើរ និងបន្ដទៅតាមបណ្ដាខេត្ដ ផ្សេងៗទៀតទូទាំងកម្ពុជា។
អ្នកស្រីបន្ដថា ដោយឡែកនៅដំណាក់កាលទី២ មូលនិធិ នឹងបន្ដចែកចាយទឹកបរិសុទ្ធសម្រាប់ពិសាទៅបណ្ដាខេត្ដទាំងអស់ដែលមានចំណុះ ១.៥លីត្រ(២០ម៉ឺនកេស) ជំនួស ឲ្យការប្រើប្រាស់ធុងស្ដុកទឹក។
គួរបញ្ជាក់ថា មូលនិធិអង្គរនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩មកម្ល៉េះ ក្នុងគោលបំណង លើកកម្ពស់ការអប់រំ របស់សិស្សានុសិស្សដែលមកពីគ្រួសារជីវភាពក្រីក្រ ឲ្យបានបន្ដការសិក្សាដូច សិស្សដទៃទៀត តាមរយៈការផ្ដល់សម្ភារៈសិក្សា និងសៀវភៅអានដល់សិស្សបឋមសិក្សា ក៏ដូចជាផ្ដល់អាហារូបករណ៍ដល់សិស្សពូកែក្រីក្រ ឲ្យបានបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សាជាបន្ដទៀត ។
មកទល់នឹងពេលនេះ មូលនិធិអង្គរ បានផ្ដល់សម្ភារៈសិស្សានុសិស្សប្រមាណ៦៩,៩៨៣នាក់ ក្នុង១៣០សាលារៀននៅទូទាំងកម្ពុជា និងបានផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ៤០០កន្លែងរួមមកហើយ៕
ព័ត៌មានលម្អិត សូមចូលទៅកាន់ វេបសាយ www.angkorbeer.com.kh