(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា យោងតាមរបាយការណ៍របស់ធនាគារជាតិបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាប្រមាណ៧០ភាគរយ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ គិតត្រឹមដំណាចឆ្នាំ២០២១ អតិថិជនចុះឈ្មោះបង្កើតគណនីយកាបូបអេឡិចត្រូនិកមាន ៨.៦លាននាក់។

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី ដាក់ដំណើរការជាផ្លូវការនៃកម្មវិធី «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន» រៀបចំឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

លោកស្រី ជា សិរី បានថ្លែងថា យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា «ប្រជាជនកម្ពុជាប្រមាណ៧០ភាគរយ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ អ្វីដែលយើងកត់សំគាល់ថា ប្រជាជនកម្ពុជាទទួលបានហិរញ្ញវត្ថុផ្លូវការដោយសារតែ ពេលប្រជាជនទទួលបានផលិតផលមួយ ក្នុងចំណោមផលិតផល៤ នៃសេវាហិរញ្ញវត្ថុផ្លូវការ រាប់បញ្ជូលថា ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ អតិថិជនមានឥណទានក៏រាប់បញ្ជូលផ្លូវការ, អតិថិជនមានឥណទាន និងប្រាក់បញ្ញើក៏រាប់បញ្ជូលផ្លូវការ, អតិថិជនមិនមានប្រាក់បញ្ញើ ប៉ុន្ដែមានកាបូបអេឡិចត្រូនិក ក៏រាប់បញ្ចូលជាផ្លូវការ»

លោកស្រីបានបន្ថែមថា ចំណែកសេវាទូទាត់សងប្រាក់ មានការកើនឡើងគួរឲ្យកត់សំគាល់ និងបានវិវត្តទៅរកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ពិសេសសហគ្រាសធុនតូច និងមធ្យម។ ជាក់ស្ដែងក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ការទូទាត់សេវាសងប្រាក់មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយបានផ្លាស់ប្ដូរការទូទាត់ ពីសាច់ប្រាក់មកទូទាត់តាមប្រព័ន្ធឌីជីថល គិតត្រឹមដំណាច់ឆ្នាំ២០២១ អតិថិជនចុះឈ្មោះបង្កើតគណនីយកាបូបអេឡិចត្រូនិកមាន ៨.៦លាននាក់ និងភ្នាក់ងារមានជាង៤ម៉ឺនទីតាំង។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបង្ហាញពីភាពរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម (SME)។ ដោយសារតែសហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតភាពធន់នៃសេដ្ឋកិច្ច បង្កើតការងារក្នុងស្រុក ចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា «តាមការបញ្ជាក់របស់ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានប្រមាណជាង៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម ក្នុងឆ្នាំ២០២១»

លោកបានបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុ បានចូលរួមយ៉ាងជិតស្និទ្ធិ ក្នុងការផ្តល់សេវាហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើត និងទ្រទ្រង់អាជីវកម្ម។ ទោះជាយ៉ាងនេះក្តីមើលឃើញថា សហគ្រាសធុនតូច និងមធ្យមមួយចំនួននៅជួបបញ្ហាប្រឈម ក្នុងការទទួលបានឥណទាន សម្រាប់អាជីវកម្មរបស់ខ្លួន៕