(ភ្នំពេញ)៖ សិស្សខ្មែរដែលកំពុងសិក្សានៅសាលាអន្តរជាតិហ្សាមែន ៥នាក់ទៀតហើយ ដណ្តើមបានមេដាយសំរឹទ្ធពីការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្តនៅរដ្ឋ Texas សហរដ្ឋមេរិក។
សិស្សខ្មែរ ដែលបានសាងកិត្តិយស និងភាពល្បាញល្បីលើទឹកដីសហរដ្ឋអាមេរិកនេះ រួមមាន៖ ១- យុវសិស្ស លីម ធានហុក ២- យុវសិស្ស សារុន សុធី ៣- យុវសិស្ស ដូលីន ផានីរាជ ៤- យុវសិស្ស ឡោ ម៉ីឡាន និង ទី៥- យុវសិស្ស អាន ពេជ្រសុវណ្ណធីតា។
យុវសិស្ស លីម ធានហុក បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះថា រូបគេ រួមនិងសិស្ស ៤នាក់ផ្សេងទៀត ត្រូវបានសាលាអន្តរជាតិហ្សាមែនអន្តរជាតិ បញ្ជូនទៅធ្វើការប្រកួតប្រជែងនៅសហរដ្ឋអាមេរិក ផ្នែកវិទ្យាសាស្រ្តលើប្រធានបទស្តីពីបរិស្ថាន។
ការប្រកួតប្រជែងបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ ដោយមានការអ្នកចូលរួមប្រមាណ ៥៦៤នាក់ មកពី ៦២ប្រទេសនៅលើពិភពលោក។
យុវសិស្ស ធានហុក និងដៃគូរបស់គេ គឺយុវសិស្ស សារុន សុធី បានលើកយកគម្រោង «ធ្វើជីវប្លាស្ទិកចេញពីសាច់ដូង» យកទៅប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំមួយនេះ។ ដោយឡែកយុវសិស្ស៣រូបផ្សេងទៀតលើកយកនូវគម្រោង បង្កើតចម្រោះទឹកស្អាត។
ប្រធានបទរបស់យុវសិស្សទាំង ៥រូបនេះ ក្រោយពីការវាយតម្លៃ និងត្រួតពិនិត្យយ៉ាងសុក្រឹតពីគណៈកម្មការ ត្រូវបានគេផ្តល់មេដាយសំរឹទ្ធ។
យុវជនខ្មែរ លីម ធានហុក បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយខ្លាំងសម្រាប់ការដណ្តើមបាននូវជ័យលាភីនេះ។ ធានហុក បានលើកឡើងថា ជ័យជម្នះនេះបង្ហាញពីមោទនភាពមួយទៀត ក្នុងនាមរូបគេជាកូនខ្មែរមួយរូប។
ធានហុក បានបន្តជាមួយមោទនភាពថា «ជ័យលាភីនេះ បានបង្ហាញឲ្យឃើញថា កូនខ្មែរយើង ក៏មានសមត្ថភាពផ្នែកបញ្ញាមិនខុសពីជនបរទេសនោះឡើយ។ ខ្ញុំសប្បាយចិត្តណាស់ ហើយនេះ ក៏ជាមោទនភាពមួយផងដែរសម្រាប់កម្ពុជា។ យើងកុំគិតថា ជ័យលាភីនេះ ត្រឹមតែរបស់យើង ហើយត្រូវគិតថា នេះជាជ័យលាភីរបស់ជាតិយើង អ៊ីចឹងយើងសប្បាយចិត្តមែនទែន»។
សូមបញ្ជាក់ថា សាលាអន្តរជាតិហ្សាមែន តែងបានបញ្ជូនសិស្សរបស់ខ្លួនទៅប្រកួតប្រជែងលើគំនិត នៅឆាកអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៥កន្លងទៅ យុវជន លីម ធានហុក ក៏បានដណ្តើមមេដាយមាសពីការផលិតចម្រុះទឹកស្អាតផងដែរ។
បន្ទាប់ពីទទួលជ័យជម្នះនោះ យុវជន លីម ធានហុក រួមនិងម្ចាស់ជ័យលាភីមួយចំនួន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្តល់កិត្តិយស និង អនុញ្ញាតឲ្យពួកគេចូលជួបសម្តែងការគួរសម និងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ពួកគេផងដែរ៕