(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសបញ្ជូនទ័ពជាលើកដំបូងមិនធ្លាប់មាន ទៅកាន់ប្រទេសយ៉េមែន បន្ទាប់ពីរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសនេះ បានដួលរលំកាលពី ឆ្នាំមុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៦។
អ្នកនាំពាក្យនៃទីបញ្ជាការយោធាជើងទឹកអាមេរិកលោក Jeff Davis បានថ្លែងថាយោធាអាមេរិក ក៏បានចេញប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទៅលើពួកភេរវករ អាល់កៃដា នៅក្នុងប្រទេស យ៉េមែន ដែលកំពុងតែហែកហួរដោយសង្គ្រាមនោះផងដែរ។ ចំនួនទ័ពដែលនឹងត្រូវបញ្ជូនទៅនោះ គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ ប៉ុន្តែអាមេរិកលើកឡើងថា វានឹងមានតិចតួចប៉ុណ្ណោះ ព្រោះអាមេរិកគ្រោងបញ្ជូនតែកម្លាំងជំនាញ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កងកម្លាំងសម្ព័ន្ធមិត្តអារ៉ាប់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា តំបន់កំពង់ផែ Mukalla ត្រូវបានពួកអាល់កៃរឹបអូសរយៈពេលមួយឆ្នាំមក ហើយ ដោយអាមេរិកចាត់ទុកទីតាំងនោះ ជាកន្លែងសំខាន់បំផុតសម្រាប់យុទ្ធសាស្ត្រនៃការវាយប្រហារ នៅក្នុងប្រទេសយ៉េមែន។ អាមេរិកអះអាងថាវាជាប្រយោជន៍សម្រាប់គ្រប់គ្នា ជាពិសេសអាមេរិក ផ្ទាល់ដែលមិនត្រូវឲ្យពួកភេរវករទាំងនោះ កាន់កាប់កំពង់ផែនោះបន្តទៀតឡើយ៕