(ភ្នំពេញ)៖ ក្នុងសវនាការជាសាធារណៈ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចតម្កល់សេចក្តីសម្រេចបដិសេធលើការសុំចុះបញ្ជីឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ និងផ្សារដេប៉ូទី១ ហើយសម្រេចលុបបញ្ជីបេក្ខជនបក្សនេះនៅសង្កាត់ក្បាលកោះផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.បនេះ មានសមាសភាព ៩រូប ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប ដោយបានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន ៣ ពាក់ព័ន្ធទៅនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា និងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបណ្តឹងបដិសេធបញ្ជីបេក្ខជនដំបូងរបស់ គណបក្សភ្លើងទៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការប្រកាសរបស់គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ចុងចម្លើយ ស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី តំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរ និងស្តាប់ចម្លើយសាក្សីពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច២ចំណុចដូចតទៅ៖

* តម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា និងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

* លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សំណុំរឿងលេខ១៤៤ និងលេខ១៤៥ មានដើមបណ្ដឹងឈ្មោះ ស ឡុងដេត រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាតំណាងគណបក្សភ្លើងទៀន បានប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារអូរឫស្សីទី១ ខណ្ឌ៧មករា និងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយឡែកក្នុងសំណុំរឿងលេខ១៤៦ ដើមបណ្ដឹងឈ្មោះ យន់ ឡៃ មានទីលំនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្តឹងបដិសេធបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់ក្បាលកោះ។

គិតរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ យ៉ាងហោចណាស់ មានបេក្ខជនឈរឈ្មោះមកពីគណបក្សភ្លើងទៀន ជាង៥០នាក់ហើយ ត្រូវបានគ.ជ.ប សម្រេចលុបឈ្មោះ និងមានឃុំសង្កាត់ចំនួន៥ ផងដែរ ដែលគ.ជ.ប សម្រេចមិនអនុញ្ញាតឱ្យគណបក្សនេះ ចូលរួមប្រកួតប្រជែង។ នេះបើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News៕