(ភ្នំពេញ)៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែង បានសម្រេចចំនួន ១,៦២២ ឃុំ/សង្កាត់ហើយ ក្នុងចំណោមឃុំ/សង្កាត់សរុប ១,៦៥២ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប។

ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ក្នុងចំណោមរាជធានី ខេត្តទាំង២៥ គឺមានខេត្តចំនួន ១៥ បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជន លើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗហើយ ដែលខេត្តទាំងនោះ រួមមាន៖ ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្តាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ កែប ប៉ៃលិន ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំជាដើម។

បើតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីបញ្ជីបេក្ខជនដំបូង ក្លាយជាបញ្ជីបេក្ខជនផ្លូវការហើយ គឃសប ត្រូវធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតជាសាធារណៈដោយព្រះសង្ឃ ឬឥស្សរជន ចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់ គណបក្សនយោបាយ។

ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បី អាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជន ផ្លូវការនៅក្នុងឃុំ សង្កាត់នោះ និងលទ្ធផលនៃការចាប់ឆ្នោត។

សូមជម្រាបជូនថា ក្នុងការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ មានគណបក្សនយោបាយចំនួន១៧ បានស្នើសុំចូលរួមប្រកួតប្រជែង៕