(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) សម្រាប់មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោកស្រីបណ្ឌិត Noeleen Heyzer បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយម្សិលមិញនេះ លោកស្រី ក៏បានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ ផងដែរ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ក្នុងជំនួបនេះប្រមុខការទូតកម្ពុជា អំពីជំហានថ្មីចំនួន៣ទៀតរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ស្តីពីការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលក្នុងនោះមានដូចជា៖
* ជំហានទីមួយ៖ ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗលើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពឱ្យទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង។
* ជំហានទីពីរ៖ គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ ហ៊ុន សែន និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង។
* ជំហានទីបី៖ អំពីដំណើរទស្សនកិច្ចជាលើកទី២របស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា៕