(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញមន្ត្រីគ្រប់ៗរូបខិតខំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេល។

លោកស្រីបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវត្តកំពង់ស្វាយ។

លោកស្រីបានផ្តាំផ្ញើមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពឱ្យបានល្អប្រសើរ ដើម្បីបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍគ្រប់វិស័យនៅមូលដ្ឋាន និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា និង ការងារពង្រឹងសមត្ថភាពនិងបទពិសោធន៍ ដើម្បីឲ្យគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

បន្ថែមពីនេះទៀតលោកស្រី ឃួន ឃុនឌី បានបញ្ជាក់ប្រាប់ទៅមន្ត្រីមូលដ្ឋាន ត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មី ត្រូវមានការសាមគ្គីភាពជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាព នៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជន ជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ហើយក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកស្រីបានជំរុញឲ្យរដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុក្ខដាក់ផ្តល់សេវា និងសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ដូចជាការផ្តល់សេវាប្រកបដោយតម្លាភាព ឆាប់រហ័ស និងជឿជាក់ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលងាយរងគ្រោះអោយទាន់ពេលវេលា។ លើសពីនេះលោកស្រី ឃួន ឃុនឌី ក៏បានឲ្យអាជ្ញាធរមានសមត្ថកិច្ចកងកម្លាំងទាំងបី ត្រូវក្តាប់ព័ត៌មានសន្តិសុខសុវត្ថិភាពតាមមូលដ្ឋាននិងសន្តិសុខ ឲ្យបានដើម្បីឆ្លើយតប ឬបង្ក្រាបបទល្មើសនិងជួយជនរងគ្រោះបានទាន់ពេលវេលា និងបន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩តាមវិធានការរាជរដ្ឋាភិបាល៕