(ភ្នំពេញ)៖ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងជាង ៧,២លានហិកតា ដែលមានសហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់ការពារធម្មជាតិ មានចំនួនប្រមាណ ១៧៤សហគមន៍។
ជាមួយនឹងចំនួនផ្ទៃដីដ៏ច្រើននេះ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា តំបន់ការពារធម្មជាតិទាំងនេះ គឺត្រូវការការគ្រប់គ្រងការពារជាចាំបាច់។ ការគ្រប់គ្រង ការពារនេះ គឺទាមទារនូវថវិកាជាច្រើនទៀត ដើម្បីឱ្យតំបន់ការពារធម្មជាតិទាំងអស់មាននិរន្តរភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញតំបន់។
នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ហិរញ្ញប្បទាន ប្រកបដោយចីរភាពសម្រាប់ការគ្រប់គ្រងតំបន់ការពារធនធានធម្មជាត និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះថា៖ «សព្វថ្ងៃនេះ កម្ពុជាគឺមានថវិកាប្រមាណជាង ១០០លានដុល្លារ សម្រាប់ការពារគ្រប់គ្រងតំបន់ការពារធម្មជាតិប្រចាំឆ្នាំ តែថវិកានេះគឺពុំទាន់គ្រប់គ្រាន់សម្រាប់តម្រូវការជាក់ស្ដែងនោះទេ។ ហេតុដូចនេះ ទើបក្រសួងកំពុងព្យាយាមរកប្រភពចំណូលបន្ថែមទៀត»។
ពាក់ព័ន្ធនឹងតម្រូវការថវិកាបន្ថែមនេះ រដ្ឋលេខាធិការពុំបានបញ្ជាក់លម្អិតថា មានតម្រូវការប៉ុន្មាននោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា មានតម្រូវការខ្ពស់។ ក្នុងចំណោមប្រភពចំណូលថវិកាមួយចំនួន លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីការលក់ឥណទានកាបូនផងដែរ។ ជាក់ស្ដែងបច្ចុប្បន្ននេះ កម្ពុជាបានពង្រីកការលក់ឥណទានកាបូន ដោយចាប់ផ្ដើមពីខេត្តស្ទឹងត្រែង ពង្រីកទៅព្រៃឡង់ ទាំងមូលដែលគ្របដណ្ដប់លើខេត្តចំនួន៤។
ជាមួយគ្នានេះដែរ លោក សៅ សុភាព បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានអនុវត្តថវិកាកម្មវិធី មានន័យថាជារៀងរាល់ឆ្នាំលើកជាថវិកា សម្រាប់អនុវត្តបរិស្ថានគំរូនៅទូទាំងប្រទេស ក្នុងនោះមានការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ ដូច្នេះសម្រាប់ថវិកា ដែលយកអនុវត្តគម្រោងទាំងនេះ នៅមានកម្រិតនៅឡើយ ត្រង់ចំណុចនេះ ក្រសួងត្រូវធ្វើការកៀរគរ ប្រភពថវិកាផ្សេងៗពីដៃគូអភិវឌ្ឍន៍នានា។
បើតាមមន្ត្ក្រីជាន់ខ្ពស់រូបនេះ, សម្រាប់ថវិកាដែលក្រសួងគិតគូរបង្កើននោះ គឺតាមរយៈការអនុវត្តគម្រោង «រេដបូក» ដោយអាចលក់ឥណទានកាបូន ដែលក្រសួងបរិស្ថាន ខិតខំប្រឹងគ្រប់គ្រងថែរក្សាគម្រប់ព្រៃឈើនៅតាមតំបន់ការពារធនធានធម្មជាតិនានាទូទាំងប្រទេសកម្ពុជា ដើម្បីយកថវិកាទាំងនេះទៅបម្រើការងារអភរិក្ស និងអភិវឌ្ឍន៍សហគមន៍ជាដើម។
«បច្ចុប្បន្ននេះ គឺយើងមានថវិកាប្រមាណជាង ១០០លានដុល្លារ សម្រាប់ធ្វើការងារគ្រប់គ្រង ការពារ និងអភិរក្សប្រចាំឆ្នាំ អញ្ចឹងថវិកានេះវានៅមានកម្រិតស្តួចស្តើង ដែលគិតគូរអំពីជម្រើសហិរញ្ញប្បទាន ប្រកបដោយចីរភាពនេះ សម្រាប់ធានាការពារ គ្រប់គ្រង និងអភិរក្សធនធាននៅក្នុងពេលខាងមុខនេះ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក សៅ សុភាព។
លោក សៅ សុភាព បានបន្ថែមថា សម្រាប់ការងារការពារ អភិរក្ស ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍសហគមន៍មូលដ្ឋានពាក់ព័ន្ធ។ ដោយឡែកថវិកាដែលក្រសួងបរិស្ថាន បានខិតខំកៀរគរនេះ គឺមួយចំណែកក៏ត្រូវបានចូលរួមជួយបម្រើដល់កិច្ចការងារអភិវឌ្ឍន៍សហគមន៍ ដូច្នេះការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជា ត្រូវការចាំបាច់ការចូលរួមពីប្រជាសហគមន៍នៅក្នុងមូលដ្ឋានជាដើម។
ក្រៅពីការការពារតំបន់ការពារធម្មជាតិ ៧,២លានហិកតានេះ ការជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិក៏ជាគោលដៅសំខាន់ផងដែរ។
ពាក់ព័ន្ធនឹងការការពារគ្រប់គ្រង តំបន់ការពារធម្មជាតិនៅកម្ពុជានេះ លោក ប៉ាវឡូ ដាឡា ស្ទេឡា (Paolo Dalla Stella) អ្នកជំនាញគោលនយោបាយបរិស្ថានរបស់ UNDP ជាដៃគូសំខាន់លើការងារនេះ លើកឡើងថា UNDP រីករាយនឹងសហការលើការងារនេះ ដើម្បីធ្វើយ៉ាងណា ការពារគ្រប់គ្រង អភិរក្សតំបន់ការពារធម្មជាតិទាំងនេះឱ្យមានប្រសិទ្ធភាព និងជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពល្អប្រសើរ។
អាស្រ័យដោយសារតែមានកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ ប្រទេសកម្ពុជា បានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព៕