(ភ្នំពេញ)៖ ក្រុមយុវជន និងនិស្សិត ដែលដឹកនាំដោយ លោក ស្រី ចំរើន ដើម្បីទាមទារឱ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយទៅនឹងការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានប្រកាសរំសាយហើយ នៅម៉ោងជាង១០៖០០ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ។ ការតវ៉ានេះមិន​មានការប៉ះទង្គិចគ្នារវាងក្រុម​អ្នកទាមទារ និងសកម្មជន CNRP នៅខេត្តកំពង់ធំ ម្សិលមិញនោះទេ។

លោក ស្រី ចំរើន តំណាងក្រុមអ្នកតវ៉ាទាំងនោះ បានប្រាប់ Fresh News ឱ្យដឹងថា «ការតស៊ូមតិទាមទារ លោក​ កឹម​ សុខា​ ត្រូវបានបញ្ចប់​ ដោយគ្មានអំពើហឹង្សា​អ្វីឡើយ​ ដោយសារមាន​សមត្ថកិច្ច​ជួយសម្រួលសណ្តាប់ធ្នាប់ (កងកម្លាំងប្រឆាំងបាតុកម្ម)​ ហើយខ្ញុំផ្ទាល់ក៏សូមថ្លៃអំណអរគុណ ដល់អាជ្ញាធរមានសមត្ថកិច្ច​ ខេត្តសៀមរាប ដែលជួយមស្រួលមិនឱ្យសកម្មជន​ និងអង្គរក្ស​ លោក​ កឹម​ សុខា​ ប្រើអំពើហឹង្សាមកលើក្រុមយុវជនយើងខ្ញុំ ​ព្រោះទង្វើនៃសកម្មភាព​ របស់ជនសកម្មជន​ និងអង្គរក្សរបស់លោក កឹម​ សុខា​ មានចេតនា​ ចង់ក្រុមនិស្សិត​មានរបួសស្នាម​»

សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ បានអញ្ជើញ ជាអធិបតីក្នុងពិធី ប្រកាស សុពលភាព ថ្នាក់ដឹកនាំ គណបក្ស​ប្រចាំ​ខេត្តសៀមរាប ខណៈក្រុមតំណាងយុវជន និស្សិតរបស់ លោក ស្រី ចំរើន ក៏បានបង្ហាញវត្តមានផងដែរ នៅកន្លែងវេទិកា ដើម្បីតាមសួរនាំ និងទាមទារឲ្យលោក កឹម សុខា បកស្រាយជុំវិញរឿង​អាស្រូវ​ផ្លូវភេទជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

នាថ្មីៗនេះ លោក កឹម សុខា ក៏បានរងនូវបណ្តឹង២ទៀតផងដែរ ពាក់ព័ន្ធនឹងរឿងរ៉ាវ ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងនោះមានបណ្តឹងពីកញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្ស​សង្រ្គោះ​ជាតិ ដែលប្តឹងពីបទបរិហារកេរ្តិ៍ និង បណ្តឹងពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលចោទអនុប្រធានគណបក្សសង្រ្គោះជាតិ រូបនេះថា ធ្វើឱ្យបាត់បង់កិត្តិយសរបស់នាង និងមិនគោរ​ពតាម​សន្យា៕