(ភ្នំពេញ)៖ គណៈប្រតិភូអង្គការអន្តរជាតិខាងការងារ (ILO) ដឹកនាំដោយលោក Takanobu Teramoto បានបំពេញបេសកកម្មដើម្បីស្វែងយល់ពីស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដោយជួបជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ និងដៃគូសង្គមផ្សេងទៀត។

ក្នុងជំនួបជាមួយក្រសួងការងារ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហជីព និងតំណាងនិយោជក នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ គណៈប្រតិភូបេសកកម្មផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវសិទ្ធការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ បើទោះជានៅមានបញ្ហាសេសសល់ក៏ដោយ បន្ទាប់ពីបានជួបធ្វើការជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហជីព តំណាងនិយោជក និងដៃគូសង្គមនានាដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរទាំងឡាយ ដើម្បីយកមកធ្វើសេចក្តីសន្និដ្ឋានសម្រាប់ផ្តល់ជាអនុសាសន៍ដល់គ្រប់ភាគីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការធានាបាននូវសិទ្ធិការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដូចដែលមានចែងក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ ជាពិសេសអនុសញ្ញាលេខ ៨៧ និង៩៨ ដែលរាជរដ្ឋាភិបាលកម្ពុជាពិតជាមានការប្តេជ្ញាក្នុងការខិតខំអនុវត្តស្របតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈការខិតខំពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គោលនយោបាយទេសន្តរប្រវេសការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះបានអនុវត្ត៥ដំណាក់កាលហើយ។

នាឱកាសនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា ដោយសារតែកម្ពុជាបានអនុវត្តបានយ៉ាងល្អនូវនយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គការអន្តរជាតិខាងការងារ ដែលធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានានូវការការពារសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ បានជាវិស័យកាត់ដេរ ផលិតស្បែកជើង និងការបូបរីកចម្រើនយ៉ាងខ្លាំង និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សឆ្នាំ១៩៩០។

ជាក់ស្តែង វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ៨ម៉ឺននាក់ នៅក្នុងឆ្នាំ១៩៩៧។ បច្ចុប្បន្នបានកើនឡើងជាង១,២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់។ តម្លៃនៃការនាំចេញនៅក្នុងវិស័យនេះបានកើនឡើងពី២២៧លានដុល្លារដល់៩,៧៦៨លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នា។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ មានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន៥,៧៧៣ ក្នុងនោះមានសហជីពមូលដ្ឋានចំនួន៥,៤៦៤ សហព័ន្ធសហជីពចំនួន២៥៧ សហភាពសហជីពចំនួន៤០ និងសមាគមនិយោជកចំនួន១២។ ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារបានចុះបញ្ជិកាសហជីពថ្មីចំនួន២៦២។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ការអនុវត្តសេរីភាពសមាគមនៅកម្ពុជាអាចធ្វើឡើងបានតាមរយៈច្បាប់ស្តីពីសហជីព និងច្បាប់ផ្សេងទៀត ដែលមានដូចជាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ហេតុនេះ ប្រទេសកម្ពុជាមិនត្រឹមតែមានប្រព័ន្ធច្បាប់ដែលធានាយ៉ាងទូលំទូលាយនូវការអនុវត្តសេរីភាពក្នុងការបង្កើតសមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសជាក់ស្តែងសម្រាប់ការអនុវត្តសេរីភាពនៃសមាគមផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួមសហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ។ សេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាពក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែងក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់ និងធានាក្រោមច្បាប់កម្ពុជា៕