(កែប)៖ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលខេត្តកែប នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ចេញនៅភារកិច្ចសំខាន់ៗ បានដាក់ចេញនូវការណែនាំសំខាន់ៗ៩ចំណុច ដល់មន្ទីរសុខាភិបាលខេត្តកែប និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្នាំ២០២២នេះ។

កិច្ចប្រជុំបិទបូកសរុបលទ្ធផលការងារនេះ បានធ្វើឡើងនៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តកែប ដោយមានការចូលរួមពីលោក ម៉ែន សុធី ប្រធានមន្ទីរសុខាភិបាលខេត្តកែប និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។

អនុសាសន៍ណែនាំទាំង ៩ចំណុច របស់លោក សោម ពិសិដ្ឋ រួមមាន៖

*១៖ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធត្រូវរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព ក្នុងការផ្តល់សេវាសុខាភិបាល សេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់។ល។
*២៖ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តអោយមានប្រសិទ្ធភាព នូវការបណ្តុះបណ្តាលបន្ថែម អោយបានគ្រប់ជំនាញច្បាស់លាស់បន្ថែមទៀត ដល់បុគ្គលិកដែលបំរើការងារនៅតាមទីជនបទដាច់ស្រយាល។
*៣៖ រួមគ្នាពង្រឹងនូវការអនុវត្តច្បាប់ បទបញ្ញាតិផ្សេងៗ ពាក់ព័ន្ធនឹងការងារគ្រប់គ្រងការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា សារធាតុគីមីក្នុងចំណីអាហារ គ្រឿងស្រវឹងនិងថ្នាំជក់។
*៤៖ រួមគ្នាជំរុញការប្រើប្រាស់ប្រព័ន្ធគាំពារសង្គម តាមរយៈការបង្កើនវិសាលភាពគ្រប់ដណ្តប់មូលនិធិសមធម៌សុខភាព របបសន្តិសុខសង្គម។
*៥៖ មន្ទីរសុខាភិបាល ត្រូវធ្វើវិចារណកម្មមុខងារ រចនាសម្ព័ន្ធគ្រប់ស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័ន តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ។
*៦៖ មន្ទីរសុខាភិបាលត្រូវអនុវត្តអោយបានហ្មត់ចត់នូវយុទ្ធសាស្ត្រសុខាភិបាល។
*៧៖ មន្ទីរសុខាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្វែងរក និងដោះស្រាយអោយបានទាន់ពេលវេលានូវបញ្ហាទាំងអស់ ដែលបានលើកឡើងក្នុងរបាយការណ៍សមិទ្ធផលវិស័យសុខាភិបាល។
*៨៖ គណៈកម្មការអនាម័យ សុវត្ថិភាពចំណីអាហារខេត្ត ត្រូវដាក់ចេញនូវវិធានការច្បាស់លាស់ សំដៅធ្វើយ៉ាងណាអោយអាហារដ្ឋានភោជនីយដ្ឋាន រីស្សត មានវិញ្ញាបនបត្របញ្ជាក់អនាម័យត្រឹមត្រូវ។
*៩៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព និងវិស័យពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់កិច្ចសហការល្អក្នុងដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តពិសេសលើការងារបន្ទាន់។

លោក សោម ពិសិដ្ឋ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេវាសាធារណៈ សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានជំរុញនិងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវពង្រឹងវិស័យសុខាភិបាល ដើម្បីផ្តល់ទំនុកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋយើងបន្ថែមទៀត ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋ អោយបានល្អប្រសើរ និងត្រូវអនុវត្តការងារឲ្យស្របទៅនឹងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារឆ្នាំ២០២២ បន្តទៀត។

លោក ម៉ែន សុធី ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ថា តាមរយៈការពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារ មន្ទីរសុខាភិបាលក្នុងឆ្នាំ២០២១ បានសម្រេចសមិទ្ធផល និងវឌ្ឍនភាពជាច្រើនគួរឲ្យកត់សម្គាល់ ពិសេសតាមរយៈការពង្រឹងការគ្របដណ្តប់សេវានានា ការចាក់វ៉ាក់សាំងបង្ការ និងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការកែលម្អគុណភាព ប្រសិទ្ធភាព សុវត្តិភាពថែទាំសុខភាព ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តយន្តការកិច្ចគាំពារសង្គម។

លោកប្រធានមន្ទីរ បានបន្តថា ជាលទ្ធផល ការងាររបស់មន្ទីរសុខាភិបាល ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២១ ហើយមន្ទីរសុខាភិបាលបានលើកទិសដៅការងារអាទិភាពបន្ត ឆ្នាំ២០២២ ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល អនុវត្តផែនការដាក់ពង្រាយបន្ថែមគ្រូពេទ្យ និងពេទ្យឆ្មបជំនាញនៅមណ្ឌលសុខភាព ពង្រឹងសេវាសម្ភពសង្គ្រោះបន្ទាន់ និងសេវាថែទាំទារក ពង្រឹងវិធានការបង្ការការគ្របដណ្តប់ និងកែសម្អគុណភាពសេវាថែទាំព្យាបាល ដោយអនុវត្តយន្តការសមស្រប ដើម្បីធ្វើឲ្យប្រសើរឡើង ដល់ការបែងចែក ការពង្រាយ និងការរក្សាទុកបុគ្គលិកសុខាភិបាល បន្តពង្រីកនិងពង្រឹងប្រព័ន្ធសុខាភិបាល ដោយបំពាក់ឧបករណ៍ បរិក្ខាពេទ្យ បច្ចេកវិទ្យា ពង្រឹងការអនុវត្តមូលនិធិសមធម៌ បន្តអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល អោយកាន់តែមានប្រសិទ្ធភាព៕