(ព្រះវិហារ)៖ សាលារៀន១ខ្នង ដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអាមេរិក ស្ថិតក្នុងភូមិព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងចាប់ផ្តើមដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សៅ សាថា មន្រ្តីការិយាល័យអប់រំស្រុកគូលែន បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ថា សាលារៀន១ខ្នង ដែលគ្រោងសាងសង់នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃគោលខាងមុខនេះ ជាការស្នើសុំសប្បុរសជននៅប្រទេសអាមេរិកជាយូរហើយ ប៉ុន្តែពេលនេះទើបសប្បុរសនៅប្រទេសអាមេរិកបានឯកភាព នឹងធ្វើការសាងសង់ជូន ដោយអគារសារសាលារាល់ថ្ងៃសាងសង់ពីឈើប្រក់ស័ង្គសី មានសភាពចាស់ទ្រុឌទ្រោមទៅហើយ។

មុននឹងចាប់ផ្តើមដំណើរការសាងសង់សាលារៀននេះ កាលពីពេលថ្មីៗ ក្រោមការណែនាំពីលោកប្រធានការិយាល័យប់រំស្រុកគូលែន លោកបានដឹកនាំក្រុមការងារមាន៖ លោក គឹម ចាន្ធី ប្រធានកម្រងស្រយង់ លោក ចិន ចាំ អនុប្រធានភូមិព្រៃគោល លោកខាត់ រិន គណៈកម្មការ លោក នូវ ភក្តី នាយកសាលា ព្រមទាំងប្រជាពលរដ្ឋ និងលោក អាន ស៊ា អនុភូមិព្រៃគោល បានចុះពិនិត្យការចាក់ដីដែលជាបដិភាគរបស់សហគមន៍ភូមិព្រៃគោល ដើម្បីសាងសង់សាលា១ខ្នង៥បន្ទប់ ដែលជាអំណោយរបស់សប្បុរសជនពីសហរដ្ឋអាមេរិក ដោយសាងសង់អំពីបេតុងប្រក់ក្បឿង។

ថ្នាក់ដឹកនាំសាលា និងគណៈកម្មការសាងសង់សាលា ក៏ដូចជា បងប្អូនប្រជាពលរដ្ឋភូមិព្រៃគោល បានសំណូមពរផងដែរសុំឲ្យអាធរដែនដីដែលពាក់ព័ន្ធ សូមជួយសំរួលគ្រឿងចាក់ដើម្បីកៀរត្រាស់សេរផ្លូវឲ្យរាបស្មើ ងាយស្រួលក្នុងការដឹកសំភារសំណង់សាលារៀន ដើម្បីឱ្យការសាងសង់អគារសិក្សាសាលាបឋមព្រៃគោលនេះឆាប់រួចរាល់ឱ្យសិស្សបានចូលរៀន៕