(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom)។
ពិធីនេះ ដោយមានការអញ្ជើញចូលរួម ពីតំណាង អង្គការ សហ ប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ក្រសួង ស្ថាប័ន និងវាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ មកពីវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ អ្នកជំនាញ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
សិក្ខាសាលានេះ មាន គោលបំណង សំខាន់ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើ៖
(ទី១)៖ ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ រដ្ឋាភិបាល ឌីជីថល និង សន្តិសុខសាយប័រ
(ទី២)៖ អភិបាលកិច្ចរដ្ឋាភិបាលឌីជីថល និងសេវាសាធារណៈឌីជីថល
(ទី៣)៖ ទេពកោសល្យ និង នវានុវត្តន៍ ឌីជីថល
និង (ទី៤)៖ កិច្ចសហប្រតិបត្តិការជា មួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសាធារណៈជន ក្នុងការចូលរួមអនុវត្តគោលនយោបាយនេះផងដែរ។
ថ្លែងក្នុងអង្គសិក្ខាសាលា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាឯកសារ យុទ្ធសាស្ត្រ និងជាផែនទី បង្ហាញផ្លូវ ដើម្បីសម្រេចឲ្យបាននូវការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ពេញលេញ ដោយឈរលើចក្ខុវិស័យ «កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្ត ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ» ស្របតាមការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា គោលនយោបាយនេះ ត្រូវបានរៀបចំឡើងតាម និន្នាការសកល នៃបរិវត្តកម្មឌីជីថល ដោយបានគិតគូរ និងសិក្សាពីបទពិសោធ នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលរបស់ប្រទេសក្នុងតំបន់ និងសកល។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបន្ថែមថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាមានសន្ទុះកាន់តែខ្លាំង ក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសាធារណៈ វិស័យឯកជន និង ក្នុង ចំណោម ប្រជាពល រដ្ឋ ទូទៅ ស្របតាមតម្រូវការសកម្មភាពសេដ្ឋកិច្ច របៀបរបបការងារ និងការរស់នៅ ប្រចាំថ្ងៃ តាម គន្លងប្រក្រតីភាពថ្មី។
សូមបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយក្នុងនោះ បានកំណត់នូវយុទ្ធសាស្ត្រចំនួន ១០ រួមមាន៖
១៖ ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល
២៖ ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ
៣៖ ការរៀបចំនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល
៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍
៥៖ ការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល
៦៖ ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ
៧៖ ការកសាងមូលធនមនុស្សឌីជីថល
៨៖ ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល
៩៖ ការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល
១០៖ ការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល៕