(ឧត្តរមានជ័យ)៖ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន»

យុទ្ធនាការនេះ មានការចូលរួមពីតំណាងសាលាក្រុងសំរោង មន្ទីរបរិស្ថានខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ យុវជន និងប្រជាពលរដ្ឋមួយចំនួន នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើតាមលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានគាំទ្រនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ ព្រោះថាជាការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ធនៅក្នុងខេត្តឧត្តរមានជ័យ ចូលរួមថែរក្សាអនាម័យបរិស្ថាន ពិសេសការបំពុលផ្សេងៗដែលបង្កឡើងដោយថង់ប្លាស្ទិក។

ពិធីបើកយុទ្ធនាការនេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «យុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិក» នាឱកាសនេះ រៀបចំឡើងដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាជនយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ ដែលបណ្តាល មកពីសំណល់ និងប្រភពបំពុលផ្សេងៗទៀត ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន ឱ្យល្អស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។

លោកបានឱ្យដឹងថា យុទ្ធនាការ នៃការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន នឹងបានផ្តល់នូវព័ត៌មាន ក៏ដូចជា ចំណេះដឹងថ្មីៗ ដូចជាចលនាទូលំទូលាយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តក៏ដូចជាជំរុញ ការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្ត្រៃយ៍នូវការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន និងចូលរួមចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជននៅតាមសហគមន៍ ដោយងាកមកប្រើប្រាស់កន្រ្តកកញ្ជោរ ឬកន្រ្តកបរិស្ថាន។

អនុរដ្ឋលេខាធិការរូបនេះ បានបង្ហាញសេចក្តីសង្ឃឹមថា យុទ្ធនាការនាពេលនេះនឹងលើកទឹកចិត្តប្រជាពលរដ្ឋ ទាំងអស់មានការយល់ដឹង និងភ្ញាក់រឮកហើយប្រែក្លាយជាការអនុវត្តជាក់ស្តែង និងអនុវត្តជាប្រចាំ ដើម្បីបុព្វហេតុបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោក ឱ្យមាននិរន្តរភាព។

សូមបញ្ជាក់ថា សំរាមនៅតាមទីប្រជុំជនបង្កើតឡើងចំនួនជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ។ ក្នុងមួយឆ្នាំៗ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៥លានតោន ក្នុងនោះ២០% ជាសំណល់ប្លាស្ទិក។

ទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបកើនឡើងដល់ជាង ៨ពាន់លានតោន ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន ហើយ ៩១% ទៀតត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរិមាណប្រហែលជាជាង ៤០០ លានតោន។

បរិមាណប្លាស្ទិកនឹងកើនឡើងពី ៨,៣ពាន់លានតោនក្នុងឆ្នាំ២០១៥ រហូតដល់ ១២ពាន់លានតោនក្នុងឆ្នាំ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកនាពេលបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតបែបនេះ។

បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។ សារធាតុប្លាស្ទិកទាំងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទិចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កម្ទេចប្លាស្ទិកទាំងនោះបានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស៕