(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលមានទឹកប្រាក់ចំនួន១៤៤លានដុល្លារអូស្ត្រាលី ឬស្មើនឹងប្រមាណជាង១០៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៨ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០៣០។
នេះបើតាមការឲ្យដឹង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មី នៃកម្មវិធីភាពជាដៃគូ រវាងកម្ពុជា និងអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ការ ឧបត្ថម្ភជាវ៉ាក់សាំង និងសម្ភារៈសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ នៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា អូស្ត្រាលីតែងតែផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់ជំនួយ ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ លើវិស័យសំខាន់ៗជាច្រើន ជាពិសេស វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ថាមពល -ល-។
ឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងមកហើយ រវាងរាជរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំនេះជាខួបគម្រប់ទី ៧០ ឆ្នាំនៃការចាប់ផ្តើម ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដោយលោកបានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន និងបន្តផ្តល់ការគាំទ្ររបស់ខ្លួននៅកម្ពុជា។
ជាការអបអរសាទរសម្រាប់ខួបទី ៧០ ឆ្នាំរវាងប្រទេសទាំងពីរ, ភាគីអូស្ត្រាលី តាមរយៈមូលនិធិ Department of Foreign Affairs and Trade (DFAT) គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ចំនួនប្រមាណ៨៧ លានដុល្លារអូស្ត្រាលី (ប្រមាណជាង៦៥លានអាមេរិក) សម្រាប់រយៈពេល ៥ ឆ្នាំដំបូង គិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ និងអាចបន្តផ្ដល់បន្ថែមរហូតដល់៥៧លានអូស្ត្រាលី (ប្រមាណជាង៤២លានដុល្លារអាមេរិក) សម្រាប់រយៈពេលបន្ថែម៣ ឆ្នាំបន្ទាប់ទៀត ដោយអាចបន្តទៅដល់ពាក់កណ្តាលឆ្នាំ២០៣០។
កម្មវិធី CAP-RED មានគោលបំណងធំៗ ៣ គឺ៖
១៖ ជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការអភិវឌ្ឍលើផ្នែកកសិកម្មដែលមានតម្លៃខ្ពស់ និងចាប់ផ្តើមលើវិស័យកែច្នៃកសិផល;
២៖ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍សហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដាគុណភាពរបស់ខ្លូន ដើម្បីអាចនាំចូលទៅទីផ្សារនានា
៣៖ បន្តវិនិយោគដើម្បីពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាមពល និងភស្តុភារ ។
កម្មវិធីថ្មីនេះ ត្រូវបានផ្តួចផ្តើមឡើង និងគិតគូរយ៉ាងល្អិតល្អន់ ស្របតាមយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ និងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងត្រូវបានអនុវត្ត បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ នៃការអនុវត្តកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជាជំហានទី ១ និងទី ២ (CAVAC I & II) និងកម្មវិធីវិនិយោគក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងឱកាសនោះដែរ លោក Pablo Kang ក៏បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបានគូសបញ្ជាក់ផងដែរថា លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអូស្ត្រាលី ដែលបានជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា និងសម្តែងនូវការគាំទ្រពេញទំហឹងចំពោះការប្តេជ្ញាផ្ដល់ហិរញ្ញប្បទានឥតសំណងបន្ថែម សម្រាប់វិធីថ្មីខាងលើនេះ ដែលនឹងជួយដល់ការអភិវឌ្ឍ វិស័យកសិកម្ម កសិ-ឧស្សាហម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងណាក្ដី, រាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំ និងត្រៀមលក្ខណៈជាស្រេច ក្នុងការផ្តល់ កិច្ចសហការ និងបន្តការគំាទ្រដល់កិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសមិទ្ធផលល្អប្រសើរថ្មីៗបន្ថែមទៀត៕