(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតាមដានសម្ងាត់របស់អាមេរិក បានថតសកម្មភាពនៅប្រទេសកូរ៉េខាងជើង តាមរយៈផ្កាយរណប ហើយរូបភាពមួយចំនួននោះបង្ហាញថាកូរ៉េខាងជើង កំពុងតែត្រៀមធ្វើតេស្ត គ្រាប់បែកនុយក្លេអ៊ែរជាលើកទី០៥ អំឡុងថ្ងៃសមាជបក្សដ៏ធំជាប្រវត្តិសាស្ត្រ ដែលនឹងប្រព្រឹត្តទៅ រយៈពេលបីថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៦។
ក្រុមអ្នកតាមដានសម្ងាត់នៃសកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ក្នុងវែបសាយរបស់ខ្លួន ដូច្នេះថា «តាមរយៈរូបភាពទាំងនោះ វាបង្ហាញពីសកម្មភាពដែលកម្រនឹងកើតមាន ហើយពិត ណាស់ថាកូរ៉េខាងជើង កំពុងតែត្រៀមធ្វើតេស្តអ្វីមួយហើយ»។ ក្រុមអ្នកតាមដានអះអាងថា យ៉ាងហោចណាស់ ឆាប់ៗខាងមុខនេះ នឹងមានការធ្វើតេស្តជាក់ជាមិនខាន។
ចំពោះសកម្មភាពខាងលើនេះ វាមិនខុសអីទៅនឹងការវិភាគតាំងពីដំបូងនោះទេ ថាទីក្រុងព្យុងយ៉ាង នឹងធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល នៅអំឡុងថ្ងៃសមាជបក្សដែលមិនធ្លាប់ក្នុង រយៈពេល ៣៦ឆ្នាំមកនេះ។ ការធ្វើតេស្តនេះ ជាការបង្ហាញដល់ប្រជាជាតិទាំងមូល អំពីឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង ដែលចង់អភិវឌ្ឍន៍សេដ្ឋកិច្ច និង កម្មវិធីនុយក្លេអ៊ែរ ព្រមគ្នាតែម្តង៕