(ឡុងដ៍)៖ លោក Sadiq Khan មកពីគណបក្សពលករនៃចក្រភពអង់គ្លេស ដែលជនជាតិដើម ម៉ូស្លីម ត្រូវបានទទួលការបោះឆ្នោតជ្រើសរើស ឲ្យក្លាយជាអភិបាលទីក្រុងឡុងដ៍ដំបូង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយលម្អិត មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៦។
លោក Khan មានវ័យ ៤៥ឆ្នាំ បានផ្តួលគូប្រកួតរបស់ខ្លួនគឺលោក Zac Goldsmith នៅក្នុងការបោះ ឆ្នោតមួយដែលត្រូវបានបិទបញ្ចប់កាលពីយប់ថ្ងៃព្រហស្បតិ៍។ មេដឹកនាំគណបក្សពលករអង់គ្លេស លោក Jeremy Corbyn បានថ្លែងតាមបណ្តាញសង្គម Twitter របស់ខ្លួនថា «ខ្ញុំមិនអាចទន្ទឹងរង់ចាំ ក្នុងការបំពេញការងារជាមួយលោក Khan នោះទេ។ យើងនឹងធ្វើឲ្យ ទីក្រុងឡុងដ៍ ក្លាយជាទីតាំងដែលមនុស្សគ្រប់គ្នាអាចរស់នៅ ដោយស្មើភាព»។
សូមបញ្ជាក់ពីប្រវត្តិរបស់លោក Khan បន្តិច។ ម្តាយរបស់លោក បានធ្វើការនិរទេសចូលមករស់នៅ ចក្រភពអង់គ្លេសកាលពីអំឡុងទសវត្សរ៍ ១៩៦០ ពីប្រទេសប៉ាគីស្ថាន ដែលលោក Khan គឺជាជនជាតិដើមម៉ូស្លីម។ លោកធ្លាប់បានសិក្សានៅ សាកលវិទ្យាល័យ North London ហើយបន្ទាប់ពីបញ្ចប់ការសិក្សា លោកបានបម្រើការងារជាមេធាវី រួចហើយក៏ចូលប្រឡូកក្នុងឆាកនយោបាយតែម្តង។
គួរបញ្ជាក់ថាទីក្រុងឡុងដ៍មានប្រជាជនរស់នៅសរុប ៨,៦ លាននាក់ ហើយក្នុងនោះជាង ១លាននាក់គឺជាជនជាតិម៉ូស្លីម៕