(ព្រះវិហារ)៖ កាកបាទក្រហមខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម៨ ឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ និងលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំកាកបាទក្រហមខេត្តព្រះវិហារ ព្រមទាំងសប្បុរសជនជាច្រើនរូបផងដែរ។
ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម នៅខេត្តព្រះវិហារនាព្រឹកនេះ ត្រូវបានលោកអភិបាលខេត្តថ្លែងជាជំហានដំបូងថា ទទួលបានថវិកា១០១១៦៨ដុល្លារអាមេរិក។
លោក អ៊ុំ ម៉ារ៉ា ដែលជា ប្រធានកិត្តិយសកាកបាទក្រហមខេត្ត បានថ្លែងថា វិសាលភាពប្រតិត្តិការ របស់កាកបាទក្រហមកម្ពុជាមានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្តផ្តល់ សេវាមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះ នាយឧត្តមសេនីយ៍ មាស សុភា បានអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិជួយឧបត្ថមគាំទ្រ និងបរិច្ចាគសម្ភារៈ ថវិកា ដល់កាកបាទក្រហមកម្ពុជា។
នាយឧត្តមសេនីយ៍ ក៏រំពឹងមុតមាំថា សប្បុរសជននឹងចូលរួមបរិច្ចាគធនធាន ដើម្បីបង្ហាញពីវប្បធម៌ នៃការចែករំលែក និងការចូលរួមកម្លាំងមនុស្សធម៌ ដើម្បីបុព្វហេតុមនុស្សជាតិ៕