(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ឆ្នាំ២០២០-ឆ្នាំ២០២១ និងបើកវគ្គសិក្សាឆ្នាំ២០២២ ដែលជាផ្នែកមួយយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ នៅសាកលវិទ្យាល័យការពារជាតិ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា «នាយទាហានសម័យសម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋាននៃស្មារតី ឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្ដែង។ ប្រទេសជាតិរឹងមាំ គឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពខ្លាំង។ ដូច្នេះនិស្សិតត្រូវសិក្សាឲ្យបានស៊ីជម្រៅអំពី នយោបាយឈ្នះឈ្នះ ដែលជាឱសថទិព្វបង្កើតបានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ»

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការខិតខំ លើកកម្ពស់ភារកិច្ចបណ្តុះបណ្តាលនិងហ្វឹកហ្វឺន កាន់តែមានប្រសិទ្ធភាព ចូលរួមថែរក្សាសន្តិភាព ពង្រឹងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអភិឌ្ឍន៍ប្រទេសជាតិ។ ក្នុងបរិបថប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សាកលវិទ្យាល័យការពារជាតិ បានដំណើរការបណ្តុះបណ្តាលហ្វឹកហ្វឺនបានតាមផែនការ ដោយឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ១៩។

ទោះបីក្នុងរូបភាពជាព្រឹត្តិការណ៍ខុសៗ គ្នាយ៉ាងណាក៏ដោយ គឺបានដំណើរការរៀនសូត្រ រកគ្រប់វិធីសាស្ត្របត់បែនទៅតាមស្ថានភាពរាលដាលនៃជំងឺកូវីដ១៩ ពោលគឺពេលធូរស្រាលប្រមូលផ្តុំរៀន ចែកវេន ពេលការរាលដាលធ្ងន់ធ្ងរ ឫពេលបិទខ្ទប់ រៀនពីចម្ងាយតាមប្រព័ន្ធ អនឡាញ។ សមតាមប្រសាសន៍ជាបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នោះគឺ យើងត្រូវរៀនរស់ បំពេញភារកិច្ច ទៅតាមគន្លងអន្តរកាលនៃសម័យកូវីដ១៩។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ផ្តល់មតិផ្តាំផ្ញើ ដល់យោធាចារ្យ និស្សិតនិងសិក្ខាកាម មួយចំនួនផងដែរ រួមមាន៖

*ទី១៖ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បំផុត នូវអនុសាសន៍១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។

ត្រូវលើកកំពស់ឆន្ទៈគោរព ការពារ គាំទ្រនិងស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងស្មោះត្រង់ដាច់ខាតចំពោះមេបញ្ជាការ ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ត្រូវប្រឆាំងដាច់ខាត ចំពោះក្រុមជនដែលប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។ គ្រប់ទង្វើរបស់វាសុទ្ធតែមានគោលបំណងពិតប៉ុនប៉ង បង្កើតបដិវត្តន៍ពណ៌បំផ្លិចបំផ្លាញសុខ សន្តិភាពរបស់ប្រជាជន។

*ទី២៖ ត្រូវសិក្សាឲ្យបានស៊ីជម្រៅអំពី នយោបាយឈ្នះឈ្នះ ដែលជាឱសថទិព្វបង្កើតបានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍន៍ ត្រូវយល់អំពី អ្វីទៅជាសន្តិភាព? តើអ្វីទៅជានយោបាយឈ្នះឈ្នះ? តើអ្នកណាជាស្ថាបនិក នៃសមិទ្ធិផលដ៏មហិមា ជាប្រវត្តិសាស្រ្តនេះ? អ្វីទៅជាមនុញ្ញផលជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលទទួលបានពីសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ពីឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន? តើអ្វីទៅជាការរំពឹងទុករបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ពីថ្ងៃនេះទៅអនាគតខាងមុខ?។

*ទី៣៖ ត្រូវលើកកំពស់ឆន្ទៈគោរព ការពារ គាំទ្រ និងស្មោះត្រង់ដាច់ខាតចំពោះមេបញ្ជាការ ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។ ចំពោះកងទ័ពដែលជាអ្នកជំនាន់ក្រោយទាំងអស់ត្រូវចងចាំ៣ចំណុច គឺទី១៖ រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន, ទី២៖ចូលរួមកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣៖ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។

«ប្រទេសជាតិរឹងមាំ គឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពខ្លាំង។ នាយទាហានជំនាន់មុន បានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋាននៃស្មារតី ឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្ដែង»

*ទី៤៖ ចំពោះយោធាចារ្យ ត្រូវបន្តធ្វើបច្ចុប្បន្នភាពឯកសារ បង្រៀន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ នាពេលបច្ចុប្បន្ន។ បន្តដឹកនាំសរសេរសារណាឬនិក្ខេបបទផ្សេងៗ ឲ្យមានតម្លាភាពប្រសិទ្ធភាព។ ត្រូវរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុង និងបែងចែកផ្តល់គោលរបបផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ជូនដល់ដៃ ដល់មាត់ តាមរយៈការប្រកាសសេដ្ឋកិច្ចចំហរឲ្យជាប់ជាប្រចាំ។

*ទី៥៖ ចំពោះនិស្សិត និងសិក្ខាកាម ត្រូវត្រងត្រាប់ស្តាប់ឱវាទយោធាចារ្យ និងគោរពបទបញ្ជាផ្ទៃក្នុង និងគោរពបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ត្រូវមានឆន្ទៈប្រកួតប្រជែងចំណេះដឹង។

*ទី៦៖ ចំពោះនិស្សិត និងសិក្ខាកាម ដែលបញ្ចប់វគ្គសិក្សាទាំងអស់ ត្រូវយកចំណេះដឹងនេះ ទៅប្រើប្រាស់ក្នុងអង្គភាពរបស់ខ្លួនឲ្យបានល្អប្រសើរ។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានគោរពអរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលតែងតែយកចិត្តទុកដាក់ដោយផ្ទាល់ អរគុណអគ្គមេបញ្ជាការ គណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន អរគុណអគ្គនាយកដ្ឋានភស្តភារហិរញ្ញវត្ថុ នាយកដ្ឋានបុគ្គលិក ទីចាត់ការបុគ្គលិក ដែលបានជួយទៅតាមលទ្ធភាពជាក់ស្តែងសម្រួលដល់ការលំបាក ក្នុងបរិបទនៃជំងឺកូវីត១៩។

នាយឧត្តមសេនីយ៍ ជា តារា ក៏បានអរគុណចំពោះការចូលរួមដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ បុគ្គលិក យោធាចារ្យ និស្សិតនិងសិក្ខាកាម លើការងារកសាងអង្ភភាព ការងារជួយសង្គម និងសូមថ្លែងអំណរគុណចំពោះមេបញ្ជាការគ្រប់លំដាប់ថ្នាក់ កងពលធំ កងពលតូច សឹករងខេត្ត មូលដ្ឋានរាម ដែលបានយកចិត្តទុកដាក់សហការផ្តល់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ផ្តល់ការស្នាក់នៅ ហូបចុក តាមលទ្ធភាពជាក់ស្តែង ដល់ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជារៀងរាល់ឆ្នាំ៕