(សៀមរាប)៖ ក្រសួងទេសចរណ៍បានផ្ដល់ការបណ្តុះបណ្តាលដល់គ្រូបង្គោល និងអ្នកជំនាញសរុបចំនួន១៧០រូបបន្ថែម លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅខេត្តសៀមរាប ដោយមានសិក្ខាកាមជាអ្នកបម្រើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បុគ្គលិក្នុងវិស័យភោជនីយដ្ឋាន មន្ត្រីមន្ទីរទេសចរណ៍ និងតំណាងសមាគមន៍ឧស្សាហកម្មទេសចរណ៍។

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Spoon Café ខេត្តសៀមរាប។

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកជំនាញខាងលើនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ព្រមទាំងមានការចូលរួមពីលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លោក គួយ គឹមរើន តំណាងអង្គការអន្តរជាតិខាងការងារ (ILO) លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ឈុន មុន្នីរ័ត្ន នាយករងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រូល លោក គង់ ដារ៉ា ប្រធានអនុកម្មវិធីទី៤ នៃអង្គការស្វីសខន់ថាក់ លោកស្រី ម៉ៅ សុផានី នាយការអង្គការស្ពូន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Spoon Cafe ដដែល។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលខាងលើបានប្រព្រឹត្តទៅតាមរយៈកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានសិក្ខាកាមជាអ្នកផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បុគ្គលិក្នុងវិស័យភោជនីយដ្ឋាន មន្ត្រីមន្ទីរទេសចរណ៍ និងតំណាងសមាគមន៍ឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បានទទួលការបណ្តុះបណ្តាល រួមមាន (១) វគ្គគ្រូបង្គោលហូកាចំនួន២៤រូប (២) បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន៣០រូប (៣) ការបណ្តុះបណ្តាលបន្តក្នុងទម្រង់ In-House Training ចំនួន១១៦រូប (ស្រីចំនួន៦៧រូប)។

លោក ជួប រតនា បានបន្តថា តាមរយៈគម្រោងខាងលើ ក្រសួងទេសចរណ៍បានសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO ដោយបានអនុវត្តគម្រោងសាកល្បងស្តីពីការគាំទ្រ និងស្តារឡើងវិញនៃវិស័យទេសចរណ៍ក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅខេត្តសៀមរាប ដែលគម្រោងនេះបានគាំទ្រទាំងស្រុងដល់ការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម ប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានផ្តល់អនុសាសន៍មួយចំនួនដល់ភាគីពាក់ព័ន្ធ និងសិក្ខាកាមជ័យលាភីទាំងអស់ត្រូវខិតខំយកចំណេះ និងជំនាញ ដែលទទួលបានពីសាលាបណ្តុះបណ្តាលទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន ប្រកបដោយសីលធម៌ជំនាញវិជ្ជាជីវៈខ្ពស់ និងត្រូវខិតខំបន្តសិក្សារៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍខ្លួននៅក្នុងវិថីការងារវិជ្ជាជីវៈទេសចរណ៍ និងការសិក្សាពេញមួយជីវិត។

លោករដ្ឋលេខាធិការបានណែនាំឱ្យសិក្ខាកាមត្រូវបន្តជំរុញការបណ្តុះបណ្តាលក្នុងទម្រង់បណ្តុះបណ្តាលខាងក្នុង (In-house Training) ឲ្យបានកាន់តែផុលផុសបន្ថែមទៀត ដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ហូកា ដែលមានការទទួលស្គាល់ និងវិធីសាស្ត្របណ្តុះបណ្តាលសកម្ម (Active Learning) ដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលស្តាវិស័យទេសចរណ៍ឡើងវិញ។

លោកបានលើកទឹកចិត្តដល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប សូមចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សា និងវិធីសាស្ត្របណ្តុះបណ្តាលរបស់ខ្លួនឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០។

ក្រៅពីនេះ សមាគឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ត្រូវជំរុញផ្សព្វផ្សាយស្មារតីនៃកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្ម និងសមាជិករបស់ខ្លួន ហើយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រីករាយនឹងផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកចាំបាច់នានា។

លោកបានបន្តថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬកម្មវិធីបណ្តុះបណ្តាលដោយភ្នាក់ងារ និងដៃគូរនានា សូមប្រើប្រាស់ និងអនុវត្តកម្មវិធីបណ្តុះបណ្តាល ហូកា នៅក្នុងស្ថាបនរបស់ខ្លួន ដែលនៅទីនេះយើងឃើញថាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ Spoon គ្រោងបញ្ចូលកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរ។

លោក ប៉ាក់ សុខុម បានសំណូមពរដោយឡែកស្នើឲ្យបណ្តាសណ្ឋាគារ ប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋានស្ថាប័នអាជីវកម្មដែលបំពេញសកម្មភាពវិជ្ជាជីវៈទេសចរណ៍ទាំងអស់ ផ្តល់ឱកាសការងារដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា និងដល់សិស្ស និងយុវជនកម្ពុជាដទៃទៀត ដែលបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍អាចចូលបំពេញកម្មសិក្សា ដើម្បីទទួលបានជំនាញនៅតាមស្ថាប័នរបស់ខ្លួនឲ្យបានកាន់តែទូលាយបន្ថែមទៀត៕