(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញ ជនជាតិវៀតណាម១២នាក់ ក្នុងនោះ មានស្រ្តី០៤នាក់ចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡាបានបញ្ជាក់យ៉ាងដូច្នោះថា «នៅវេលាម៉ោង៧៖១០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នេះ នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាម ចំនួន១២នាក់ (ស្រី០៤នាក់) ចេញពីព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង»។
លោកឧត្តមសេនីយ៍បានបន្តថា ជនជាតិវៀតណាមទាំង១២នាក់ខាងលើត្រូវបានឃាត់ខ្លួន ពីបទលួចឆ្លងដែន ធ្វើការនិងស្នាក់នៅដោយ ខុសច្បាប់ (គ្មានលិខិតឆ្លងដែននិងសៀវភៅការងារ)។ លោកឧត្តមសេនីយ៍បានសំណូមពរ ដល់បណ្ដារម្ចាស់ រោងចក្រ សិប្បកម្មសហគ្រាស និងការដ្ឋាន សំណង់ជាដើម ឲ្យជ្រើសរើសកម្មករក្នុងស្រុកឲ្យអស់លទ្ធភាព ប្រសើរជាងយកកម្មករបរទេសមកធ្វើការដោយខុសច្បាប់៕