(ភ្នំពេញ)៖ អ្នកស្រី ជីវ ណារ៉ា អាយុ៣៥ឆ្នាំ ជាសហគ្រិនស្ត្រីម្នាក់ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានចេញមុខបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមួយចំនួនថា លោកស្រី ត្រូវ «សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆបោកប្រាក់ដៃគូររកស៊ី» ខណៈការចុះផ្សាយនេះ ខុសពីការពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រី ព្រោះភាគីទាំងពីរបានព្រមព្រៀងគ្នា បញ្ចប់វិវាទដោយសន្តិវិធីក្រៅប្រពន្ធ័តុលាការ ដោយមានសាក្សីដឹងលឺត្រឹមត្រូវ។

តាមរយៈលិខិតបំភ្លឺ អ្នកស្រី ជីវ ណារ៉ា បានឱ្យដឹងថា ការផ្សព្វផ្សាយទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកនាង ដែលជាសាម៉ីខ្លួន។ អ្នកស្រីថា ជុំវិញករណីនេះ គឺមន្ត្រីយុត្តិធម៌មិនបានបញ្ជូនទៅតុលាការ ដូចការចេញផ្សាយនោះទេ គឺគ្រាន់តែសាកសួរនៅត្រឹមក្រសួងមហាផ្ទៃ ដោយលោកស្រី ជីវ ណារ៉ា មិនទាន់ត្រូវបានតុលាការចោទប្រកាន់ នៅឡើយ។ ដូចនេះលោកស្រីមិនមានទោសនោះទេ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា បញ្ចប់វិវាទដោយសន្តិវិធីក្រៅប្រពន្ធ័តុលាការ ដោយមានសាក្សីដឹងលឺត្រឹមត្រូវ។

ក្នុងនាមអ្នកស្រីជាអ្នកជំនួញមួយរូប ដែលកំពុងតែធ្វើអាជីវកម្ម មានឈ្មោះបោះសំឡេងនៅក្នុងខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាមិនត្រឹមតែប៉ះពាល់កិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម ដែលកំពុងដំណើរការផងដែរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ភាគីទាំងពីរបានសម្របសម្រួលគ្នា និងដោះស្រាយដើម្បីបញ្ចប់វិវាទរួចរាល់ហើយ និងបានវិលត្រលប់ទៅប្រកបអាជីវកម្មរបស់ខ្លួនតាមធម្មតា មិនមានបញ្ជូនទៅតុលាការដូចការចេញផ្សាយ នោះទេ៕