(ភ្នំពេញ)៖ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងបញ្ជាក់ថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗគ្នា និងបានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិល ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាន។

លោកស្រី ញ៉េប សុភាព បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ដែលបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោកស្រី សរ គឹមលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រួមទាំងមានការចូលរួមពីតំណាងអង្គការភ្លេនអន្តរជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកស្រី ញ៉េប សុភាព បានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទល្មើសដែលកើតមានក្នុងបណ្តាញសង្គម ដែលមានហានិភ័យចំពោះកុមារ ព្រមទាំងបញ្ញត្តិ និងយន្តការដែលមានស្រាប់សម្រាប់ចំណាត់ការនីតិវិធីលើករណីបទល្មើស និងកំណត់នូវវិធានរួមក្នុងការជំរុញ ការអនុវត្តនីតិវិធី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកស្រីបានបន្ថែមថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានផលអវិជ្ជមានមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារ នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

លោកស្រីបានបន្តថា ស្របពេលនឹងវិបត្តិកូវីដ១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអ៉ីនធឺណិត កាន់តែមានតម្រូវការកើនឡើង និងមានសារសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឲ្យជនខិលខូច មានឱកាសកាន់តែច្រើនក្នុងការធ្វើសកម្មភាពរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញនេះ។

ល្បិចកល និងអំពើនៃការរំលោភបំពានផ្លូវភេទរបស់ជនល្មើស កាន់តែមានភាពស្មុគស្មាញ និងកាន់តែអាក្រក់ទៅៗ ដែលទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធចាំបាច់រួមគ្នាដោះស្រាយ។ ចំពោះកុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ បានបន្សល់នូវផលប៉ះពាល់ធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយកុមាររងគ្រោះភាគច្រើន មានអារម្មណ៍ពិបាកក្នុងការទុកចិត្តអ្នកដទៃ អស់សង្ឃឹម បាក់ទឹកចិត្ត ឯកា ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាច។

លោកស្រី ញ៉េប សុភាព បានគូសបញ្ជាក់ដែរថា ដើម្បីការពារឧត្តមប្រយោជន៍កុមារ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារមួយចំនួនទៀត ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តច្បាប់ជាតិ-អន្តរជាតិនានា និងបានដាក់ចេញនូវវិធានការជាច្រើន រួមមាន៖ ការរៀបចំច្បាប់គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើនទៀតផងដែរ៕