(សៀមរាប)៖ ដូចតាមការគ្រោងទុក នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសុពលភាពថ្នាក់ដឹកនាំ គណបក្សប្រចាំខេត្តសៀមរាប ខណៈក្រុមតំណាងយុវជន និស្សិតរបស់លោក ស្រី ចំរើន ក៏បានបង្ហាញវត្តមានផងដែរ នៅកន្លែងវេទិកា ដើម្បីតាមសួរនាំ និងទាមទារឲ្យលោក កឹម សុខា បកស្រាយ ការពិតជុំវិញរឿងអាស្រូវផ្លូវភេទរបស់ខ្លួន។
សូមជំរាបថា ពីម្សិលមិញ លោក ស្រី ចំរើន តំណាងឱ្យយុវជន និងនិស្សិតមួយចំនួន បានសម្រេចប្តឹងលោក កឹម សុខា ដោយចោទថា បានឱ្យសកម្មជន និងអង្គរក្សរបស់លោក កឹម សុខា បានប្រើអំពើហិង្សាលើក្រុមនិស្សិត បណ្តាលឱ្យមនុស្ស៥នាក់រងរបួស នៅខាងមុខ វេទិកាសាធារណៈរបស់ CNRP នៅខេត្តកំពង់ធំ។ អំពើហិង្សានោះ ត្រូវបានលោក ស្រី ចំរើន អះអាងថា កើតឡើងនៅទីស្នាក់ការ CNRP នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្រាដែលក្រុមនិស្សិតនិងយុវជន ប្រមាណ៣០នាក់ លើកគ្នាទៅតវ៉ាឱ្យ លោក កឹម សុខា ដែលកំពុងធ្វើវេទិកា និងប្រកាសសុពលភាពថ្នាក់ដឹកនាំខេត្ត បំភ្លឺរឿងអាស្រូវ ជាមួយនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
សូមបញ្ជាក់ថា នាថ្មីៗនេះ លោក កឹម សុខា ក៏បានរងនូវបណ្តឹង២ទៀតផងដែរ ពាក់ព័ន្ធនឹងរឿងរ៉ាវ ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងនោះមានបណ្តឹងពីកញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ដែលប្តឹងពីបទបរិហារកេរ្តិ៍ និង បណ្តឹងពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលចោទអនុប្រធានគណបក្សសង្រ្គោះជាតិ រូបនេះថា ធ្វើឱ្យបាត់បង់កិត្តិយសរបស់នាង និងមិនគោរពតាមសន្យា៕