(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ 1KEP7 (១៣៣៣A) ប្រវែងសរុប៣,៥០០ម៉ែត្រ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា ផ្លូវលេខ 1KEP7 (អតីតផ្លូវលេខ១៣៣៣A) មានប្រវែងសរុប៣,៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ១៣៣៣ ត្រង់PK4+136 រហូតដល់ផ្លូវលេខ១៣៣៥ ត្រង់គ.ម១+៩៥០ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប ផ្លូវនេះចែកជាពីរផ្នែក៖

*ទី១៖ តាមរយៈឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ជំនួយឥតសំណងនៃគម្រោងគូសាណូណិ ដោយចាក់ដីល្បាយថ្មប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ, លូប្រអប់១កន្លែង ប្រវែង៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងលូមូលកាត់ផ្លូវអង្កត់ផ្ចិត១ម៉ែត្រ ១ជួរ ប្រវែង១០ម៉ែត្រ ចំនួន ០២កន្លែង ចន្លោះគ.ម៣+០៥០-គ.ម៣+៣០០ (លើខ្នងទំនប់) ជាលទ្ធផលសម្រេចបាន១០០% នៃគម្រោងការងារ។

*ទី២៖ ផ្លូវដែលនៅសល់ប្រវែង៣,៥០០ម៉ែត្ រទទឹង១០ម៉ែត្រ ចន្លោះគ.ម០+០០-គ.ម៣+០៥០ និងគ.ម៣+៣០០-គ.ម៣+៧៥០ ក្នុងគម្រោងដែលយើងកំពុងប្រារព្វធ្វើពិធីបើកការដ្ឋាននៅខណៈនេះ គឺជាគម្រោងដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ជូនខេត្តកែប តាមរយៈ MPWT&MEF និងរដ្ឋបាលខេត្ត ដោយត្រូវពង្រីក និងលើកកំពស់តួថ្នល់រួចចាក់ក្រាលដីល្បាយថ្ម។

បើតាមលោក ម៉ម ទូច ខ្សែផ្លូវខាងលើនេះ ជាផ្នែកមួយយ៉ាងសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា ពិសេសជាការតភ្ជាប់សៀគ្វីទេសចរណ៍ ពីតំបន់នានា មកកាន់តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងជាតំបន់កសិឧស្សាហកម្មដ៏មានសក្តានុពល។

ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានធ្វើការណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នូវការងារ៣ចំណុចដូចខាងក្រោម៖

*ទី១៖ សង់រូបសំណាកអ្នកប្រមូលផលម្រេច (មានដើមម្រេច)
*ទី២៖ សិក្សា និងលើកគម្រោងផ្លូវសម្រាប់ជិះកង់មួយជុំលើផ្លូវ1335 និង1333
*ទី៣៖ លើកគម្រោងបង្ហាញផ្លូវថ្មើរជើង និងផ្លូវជិះកង់ (យកស្តង់ដាផ្លូវនៅសៀមរាប) ក្នុងកំណាត់ផ្លូវជាតិ33A ដោយចាប់ពីរង្វង់មូលសេះស មកឆ្នេរលេងទឹក៕