(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រហូតដល់ជិត១២លានដូស ហើយមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋការពារជំងឺកូវីដ១៩។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានវ៉ាក់សាំងក្នុងដៃនៅពេលនេះ រហូតទៅដល់ជិត១២លានដូស។ យើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារប្រជាពលរដ្ឋរបស់យើង តាមរយៈដូសជំរុញដូសទី៣ ឬដូសទី៤ សម្រាប់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា បើមិនមានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី០៦ ខែមេសាខាងមុខ វ៉ាក់សាំងដែលជាជំនួយរបស់អ៉ីតាលី ចំនួនជាង១លានដូសទៀត។ វ៉ាក់សាំងប៉ូឡូញ ក៏កំពុងត្រៀមរៀបចំដឹកមកកម្ពុជា ជាង១លានដូសផងដែរ។ បើតាមសម្ដេចតេជោ ហ៊ុន សែន សហរដ្ឋអាមេរិក ក៏បានសន្យាផ្ដល់វ៉ាក់សាំងជូនកម្ពុជា ៧.៥លានដូស ដែលអាចមកដល់ចន្លោះខែមេសា ដល់ខែកញ្ញា។
ដោយសារតែការស្រោចវ៉ាក់សាំងបានជោគជាំនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា នៅថ្ងៃទី៣០ ខែមីនាម្សិលមិញ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែជាង៣៣នាក់ប៉ុណ្ណោះ ហើយក៏មិនមានអ្នកស្លាប់ដោយសារជំងឺនេះនោះដែរ។ ខណៈថ្ងៃទី៣១ ខែមីនានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៤០នាក់។ តាមរយៈតួលេខនេះ សម្ដេចតេជោបានកត់សម្គាល់ថា ចំនួនអ្នកឆ្លងជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានការថយចុះយ៉ាងខ្លាំង ហើយខេត្តខ្លះមិនមានអ្នកឆ្លងឡើយ។
គិតត្រឹមយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨២២,៩១០នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៦៧,០៥៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៩,៧១៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤៤,០៩៤នាក់
៤៖ អាយុ៥ឆ្នាំ ៣៧៦,០២៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣០៦,០២០នាក់៕