(ភ្នំពេញ)៖ នៅក្នុងឱកាសប្រារព្ធទិវាអឺរ៉ុបឆ្នាំនេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍មួយចំនួនដើម្បីបង្ហាញពីការចូលរួមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា រួមមានទាំងកម្មវិធី «អឺរ៉ុបលើកម្ពស់ការជិះកង់» Europe on a bicycle ដែលជាកម្មវិធីជិះកង់កំសាន្តនៅរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ បានធ្វើឡើងនាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែឧសភាឆ្នាំ ២០១៦ នៅពហុកីឡដ្ឋានអូឡាំពិក។
ព្រឹត្តិការណ៍ប្រារព្ធឡើងនៅក្រោមប្រធានបទ «សហភាពអឺរ៉ុប និងកម្ពុជា រួមគ្នាដើម្បីផែនដី» ការជិះកង់ដែលបច្ចុប្បន្នបានក្លាយជាកម្មវិធីមួយប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថាន និងពីតម្រូវការក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានធម្មជាតិ របស់ប្រទេសកម្ពុជា និងភពផែនដីទាំងមូល។ សហភាពអឺរ៉ុប គឺជាអ្នកដឹកនាំនៅពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
មានមនុស្សជាង៤០០០ នាក់ ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់កំសាន្តដើម្បីបរិស្ថាន។ ពហុកីឡដ្ឋានជាតិ អូឡាំពិក ជាទីតាំងចាប់ផ្តើមចេញដំណើរ និងក៏ជាទីផ្តាច់ព្រ័ត្រ ដំណើរនៃការជិះកង់កំសាន្តនេះ។ ប្រតិភូសហភាពអឺរ៉ុប និងស្ថានទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវបានអញ្ជើញឲ្យចូល រួមគ្រប់ៗគ្នា ក្នុងនោះលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕